ព្រះត្រៃបិដក ភាគ ៨៣

 [១៨] បុគ្គល​ជា​អស​មយ​វិមុត្ត តើ​ដូ​ចមេ្តច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ មិនបាន​វិមោក្ខ ៨ ដោយ​នាមកាយ តាមកាល​គួរ តាមសម័យ​គួរ​ទេ(១) អាសវៈ​របស់​បុគ្គល​នោះ បាន​អស់​ទៅ ព្រោះ​ឃើញ​ដោយ​បញ្ញា នេះ​ហៅថា បុគ្គល​ជា​អស​មយ​វិមុត្ត។ សូម្បី​ពួក​អរិយបុគ្គល​ទាំងអស់ ក៏​ឈ្មោះថា អស​មយ​វិមុត្ត ក្នុង​អរិយ​វិមោក្ខ (លោកុត្តរ​វិមោក្ខ​ដែរ)។
 [១៩] បុគ្គល​ជា​កុប្បធម្មៈ តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ បាន​សមាបត្តិ​ប្រកបដោយ​រូប​ក្តី ប្រកបដោយ​អរូប​ក្តី បុគ្គល​នោះ​ឯង មិនបាន​តាមប្រាថ្នា មិនបាន​ដោយ​មិន​លំបាក មិនបាន​ដោយ​ងាយ ចូល​មិនបាន​ផង ចេញ​មិនបាន​ផង តាម​ឱកាស​ដែល​ប្រាថ្នា តាម​សមាបត្តិ​ដែល​ប្រាថ្នា តាមកាល​កំណត់​ដែល​ប្រាថ្នា​ទេ ដំណើរ​នុ៎ះឯង រមែង​មាន ត្រង់​ដែល​សមាបត្តិ​ទាំងនោះ កម្រើក​ព្រោះ​អាស្រ័យ​សេចក្តី​ប្រមាទ​របស់​បុគ្គល​នោះ នេះ​ហៅថា បុគ្គល​ជា​កុប្បធម្មៈ។
(១) បុគ្គល​ណា មាន​សទ្ធា មាន​វិបស្សនា​ក្លៀវក្លា កាលបើ​បុគ្គល​នោះ​ប្រារព្ធ​ហើយ ទុកជា​កំពុង​ដើរ​ក្តី ឈរ​ក្តី អង្គុយ​ក្តី ដេក​ក្តី ទំពាស៊ី​ក្តី ឆាន់ ឬប្រើប្រាស់​អ្វី​ក្តី គង់តែ​បានសម្រេច​មគ្គផល​ដែរ ព្រោះ​បុគ្គល​ដែល​រួច​ស្រឡះ​ដោយ​មគ្គ​វិមោក្ខ មិន​ចាំបាច់​សម័យ​គួរ សម័យ​មិន​គួរ​ឡើយ។ អដ្ឋកថា។
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 637651732248103442
ទៅកាន់ទំព័រ៖