ព្រះត្រៃបិដក ភាគ ៨៣
[២០] បុគ្គលជាអកុប្បធម្មៈ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានសមាបត្តិទាំងឡាយប្រកបដោយរូបក្តី ប្រកបដោយអរូបក្តី បុគ្គលនោះឯង បានតាមប្រាថ្នា បានមិនលំបាក បានដោយងាយ ចូលផង ចេញផង តាមឱកាសដែលប្រាថ្នា តាមសមាបត្តិដែលប្រាថ្នា តាមកាលកំណត់ដែលប្រាថ្នា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាឱកាសទេ ត្រង់ដែលសមាបត្តិទាំងនោះ កម្រើកព្រោះអាស្រ័យសេចក្តីប្រមាទរបស់បុគ្គលនោះ នេះហៅថា បុគ្គលជាអកុប្បធម្មៈ។ សូម្បីពួកអរិយបុគ្គលទាំងអស់ ក៏ឈ្មោះថា អកុប្បធម្មៈ ក្នុងអរិយវិមោក្ខដែរ។
[២១] បុគ្គលជាបរិហានធម្មៈ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានសមាបត្តិទាំងឡាយ ប្រកបដោយរូបក្តី ប្រកបដោយអរូបក្តី បុគ្គលនោះឯង មិនបានតាមប្រាថ្នា មិនបានដោយមិនលំបាក មិនបានដោយងាយ ចូលមិនបានផង ចេញមិនបានផង តាមឱកាសដែលប្រាថ្នា តាមសមាបត្តិដែលប្រាថ្នា តាមកាលកំណត់ដែលប្រាថ្នាទេ ដំណើរនុ៎ះឯងរមែងមាន ត្រង់ដែលបុគ្គលនោះ សាបសូន្យចាកសមាបត្តិទាំងនោះ ព្រោះអាស្រ័យសេចក្តីប្រមាទ នេះហៅថា បុគ្គលជាបរិហានធម្មៈ។
ID: 637651732577790993
ទៅកាន់ទំព័រ៖