ព្រះត្រៃបិដក ភាគ ៨៣
[២២] បុគ្គលជាអបរិហានធម្មៈ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានសមាបត្តិទាំងឡាយ ប្រកបដោយរូបក្តី ប្រកបដោយអរូបក្តី បុគ្គលនោះឯង បានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយ ចូលផង ចេញផង តាមឱកាសដែលប្រាថ្នា តាមសមាបត្តិដែលប្រាថ្នា តាមកាលកំណត់ដែលប្រាថ្នា ដំណើរនុ៎ះឯង មិនមែនជាហេតុ មិនមែនជាឱកាសទេ ត្រង់ដែលបុគ្គលនោះ សាបសូន្យចាកសមាបត្តិទាំងនោះ ព្រោះអាស្រ័យសេចក្តីប្រមាទ នេះហៅថា បុគ្គលជាអបរិហានធម្មៈ។ សូម្បីពួកព្រះអរិយបុគ្គលទាំងអស់ ក៏ឈ្មោះថា អបរិហានធម្មៈ ក្នុងអរិយវិមោក្ខដែរ។
[២៣] បុគ្គលជាចេតនាភព្វៈ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានសមាបត្តិទាំងឡាយ ប្រកបដោយរូបក្តី ប្រកបដោយអរូបក្តី បុគ្គលនោះឯង មិនបានតាមប្រាថ្នា មិនបានដោយមិនលំបាក មិនបានដោយងាយ ចូលមិនបានផង ចេញមិនបានផង តាមឱកាសដែលប្រាថ្នា តាមសមាបត្តិដែលប្រាថ្នា តាមកាលកំណត់ដែលប្រាថ្នា បើចូល (សមាធិ) ក៏មិនសាបសូន្យចាកសមាបត្តិទាំងនោះ បើមិនចូលទេ ក៏សាបសូន្យចាកសមាបត្តិទាំងនោះ នេះហៅថា បុគ្គលជាចេតនាភព្វៈ។
ID: 637651732834509762
ទៅកាន់ទំព័រ៖