ព្រះត្រៃបិដក ភាគ ៨៣
[៣០] បុគ្គលជានិយតៈ តើដូចម្តេច។ បុគ្គលប្រកបដោយអនន្តរិយកម្ម ៥ ពួក បុគ្គលប្រកបដោយនិយតមិច្ឆាទិដ្ឋិ និងអរិយបុគ្គល ៨ ពួក ឈ្មោះថា និយតបុគ្គល។ បុគ្គលក្រៅពីនេះ ឈ្មោះថា អនិយតបុគ្គល។
[៣១] បុគ្គលជាបដិបន្នកៈ តើដូចម្តេច។ បុគ្គល ៤ ពួក ដែលព្រមព្រៀងដោយមគ្គ ឈ្មោះថា បដិបន្នកបុគ្គល។ បុគ្គល ៤ ពួក ដែលព្រមព្រៀងដោយផល ឈ្មោះថា ផលេដ្ឋិតបុគ្គល។
[៣២] បុគ្គលជាសមសីសី តើដូចម្តេច។ បុគ្គលណា មានការអស់ទៅនៃអាសវៈ និងការអស់ទៅនៃជីវិត មិនមុនមិនក្រោយ នេះហៅថា បុគ្គលជាសមសីសី។
[៣៣] បុគ្គលជាឋិតកប្បី តើដូចម្តេច។ បុគ្គលនេះ ជាអ្នកប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ទុកជាវេលាភ្លើងឆេះកប្បនឹងមាន បើបុគ្គលនេះ មិនទាន់ធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ដរាបណា ភ្លើងក៏មិនគប្បីឆេះកប្ប ដរាបនោះដែរ នេះហៅថា បុគ្គលជាឋិតកប្បី។ បុគ្គលដែលព្រមព្រៀងដោយមគ្គទាំងអស់ ក៏ឈ្មោះថា ឋិតកប្បីដែរ។
ID: 637651733910604010
ទៅកាន់ទំព័រ៖