ព្រះត្រៃបិដក ភាគ ៨៣

 [៣៤] បុគ្គល​ជា​អរិយៈ តើ​ដូចម្តេច។ អរិយបុគ្គល​ទាំង ៨ ពួក ឈ្មោះថា អរិយៈ(១) ។ បុគ្គល​ក្រៅពី​នេះ ឈ្មោះថា អនរិយៈ។
 [៣៥] បុគ្គល​ជា​សេក្ខៈ តើ​ដូចម្តេច។ បុគ្គល ៤ ពួក ព្រមព្រៀង​ដោយ​មគ្គ បុគ្គល ៣ ពួក ព្រមព្រៀង​ដោយ​ផល ឈ្មោះថា សេក្ខៈ។ ព្រះអរហន្ត ឈ្មោះថា អសេក្ខៈ។ បុគ្គល​ក្រៅពី​នេះ ឈ្មោះថា មិនមែន​សេក្ខៈ ទាំង​មិនមែន​អសេក្ខៈ។
 [៣៦] បុគ្គល​បាន​វិជ្ជា ៣ តើ​ដូចម្តេច។ បុគ្គល​ប្រកបដោយ​វិជ្ជា ៣ យ៉ាង ឈ្មោះថា បុគ្គល​បាន​វិជ្ជា ៣(២)
 [៣៧] បុគ្គល​បាន​អភិញ្ញា ៦ តើ​ដូចម្តេច។ បុគ្គល​ប្រកបដោយ​អភិញ្ញា ៦ ឈ្មោះថា បាន​អភិញ្ញា ៦(៣)
(១) បុគ្គល​ដែល​ឆ្ងាយ​ចាក​កិលេស ឬបុគ្គល​ដែល​មនុស្ស និង​ទេវតា គប្បី​ចូល​ទៅ​រក ឈ្មោះថា អរិយៈ។ មួយទៀត បុគ្គល​ដែល​ឈ្មោះថា អរិយៈ ព្រោះ​ជា​អ្នក​ស្អាត​បរិសុទ្ធ។ (២) បុគ្គល​ដែល​បាន​បុព្វេ​និវាស​ញ្ញាណ និង​ទិព្វចក្ខុ​ញ្ញាណ​ជាមុន ទើបបាន​សម្រេច​អរហត្ត​ជា​ក្រោយ ឬបានសម្រេច​អរហត្ត​ជាមុន ទើបបាន​បុព្វេ​និវាស​ញ្ញាណ និង​ទិព្វចក្ខុ​ញ្ញាណ​ជា​ខាងក្រោយ ឈ្មោះថា បាន​វិជ្ជា ៣ (រាប់​ដោយ​ត្រង់​គឺ បុព្វេ​និ​វា​សានុ​ស្ស​តិ​វិជ្ជា ១ ទិព្វចក្ខុ​វិជ្ជា ១ អា​សវ​ក្ខយ​វិជ្ជា គឺ​សម្រេច​អរហត្ត ១។ អដ្ឋកថា។ (៣) អភិញ្ញា ៦ គឺ ឥទ្ធិ​វិ​ធៈ (សំដែងឫទ្ធិ​បាន​ផ្សេងៗ) ១ ទិព្វសោត (ត្រចៀក​ទិព្វ គឺ​ស្តាប់​សំឡេង​ជិត​ឆ្ងាយ​ឮបាន) ១ ចេ​តោ​បរិ​យញ្ញា​ណ ឬបរ​ចិត្តវិជ្ជា (ដឹងចិត្ត​បុគ្គល​ដទៃ​បាន) ១ បុព្វេ​និ​វា​សានុ​ស្ស​តិ (រលឹក​ជាតិ​ពីកាលមុន​បាន) ១ ទិព្វចក្ខុ ឬចុតូ​បបាត​វិជ្ជា (ដឹង​ចុតិ បដិសន្ធិ​របស់​សត្វ​ដទៃ) ១ អា​សវ​ក្ខយ​វិជ្ជា (ដឹង​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃ​អាសវៈ) ១។
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 637651734498728685
ទៅកាន់ទំព័រ៖