ព្រះត្រៃបិដក ភាគ ៨៣
[៣៨] បុគ្គលជាព្រះសម្មាសម្ពុទ្ធ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ត្រាស់ដឹងចំពោះខ្លួននូវសច្ចៈ ក្នុងធម៌ដែលខ្លួនមិនធ្លាប់ស្តាប់ក្នុងកាលមុន ដល់នូវសព្វញ្ញុតញ្ញាណ ក្នុងធម៌នោះផង ដល់នូវភាពស្ទាត់ក្នុងទសពលញ្ញាណផង នេះហៅថា បុគ្គលជាព្រះសម្មាសម្ពុទ្ធ។
[៣៩] បុគ្គលជាព្រះបច្ចេកសម្ពុទ្ធ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ត្រាស់ដឹងចំពោះខ្លួន នូវសច្ចៈ ក្នុងធម៌ដែលខ្លួនមិនធ្លាប់ស្តាប់ក្នុងកាលមុន មិនដល់នូវសព្វញ្ញុតញ្ញាណ ក្នុងធម៌នោះផង មិនដល់នូវភាពស្ទាត់ក្នុងទសពលញ្ញាណផង នេះហៅថា បុគ្គលជាព្រះបច្ចេកសម្ពុទ្ធ។
[៤០] បុគ្គលជាឧភតោភាគវិមុត្ត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានវិមោក្ខ ៨ ដោយនាមកាយ ទាំងអាសវៈរបស់បុគ្គលនោះ ក៏អស់ទៅ ព្រោះឃើញដោយបញ្ញា នេះហៅថា បុគ្គលជាឧភតោភាគវិមុត្ត
(១) ។
(១) ជាឈ្មោះនៃព្រះអរហន្ត ដែលបានរួចស្រឡះចាកចំណែកទាំង ២ គឺ រួចស្រឡះចាករូបកាយ ដោយអរូបសមាបត្តិ ១ រួចស្រឡះចាកនាមកាយ ដោយមគ្គ ១។ ក្នុងអដ្ឋកថា មានអធិប្បាយជាច្រើនន័យទៅទៀត តាមលទ្ធិព្រះថេរៈនោះៗ។
ID: 637651734959979030
ទៅកាន់ទំព័រ៖