ព្រះត្រៃបិដក ភាគ ៨៣
[៤១] បុគ្គលជាបញ្ញាវិមុត្ត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនបានវិមោក្ខ ៨ ដោយនាមកាយទេ អាសវៈរបស់បុគ្គលនោះ ក៏អស់ទៅ ព្រោះឃើញដោយបញ្ញា នេះហៅថា បុគ្គលជាបញ្ញាវិមុត្ត។
[៤២] បុគ្គលជាកាយសក្ខី តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានវិមោក្ខ ៨ ដោយនាមកាយ ទាំងអាសវៈពួកខ្លះរបស់បុគ្គលនោះ ក៏អស់ទៅ ព្រោះឃើញដោយបញ្ញា នេះហៅថា បុគ្គលជាកាយសក្ខី
(១) ។
[៤៣] បុគ្គលជាទិដ្ឋិប្បត្តៈ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិតថា នេះទុក្ខ ដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះធម៌រលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិទា ជាដំណើរទៅកាន់ធម៌រលត់ទុក្ខ ធម៌ទាំងឡាយ ដែលព្រះតថាគតសំដែងហើយ បុគ្គលនោះ បានឃើញដោយល្អ បានប្រព្រឹត្តដោយល្អ ដោយបញ្ញាផង អាសវៈពួកខ្លះរបស់បុគ្គលនោះ ក៏អស់ទៅ ព្រោះឃើញដោយបញ្ញាផង នេះហៅថា បុគ្គលជាទិដ្ឋិប្បត្តៈ
(២) ។
(១) បុគ្គលដែលបានបឋមជ្ឈានផលជាមុន ទើបបានធ្វើឲ្យជាក់ច្បាស់នូវនិរោធនិព្វានជាខាងក្រោយ ឈ្មោះថា កាយសក្ខី មាន ៦ ពួក គឺរាប់អំពីសោតាបត្តិផល ទៅដល់អរហត្តមគ្គ។ អដ្ឋកថា។ (២) បុគ្គលដែលបានដឹង បានឃើញ បានយល់ បានធ្វើឲ្យជាក់ច្បាស់ បានប៉ះពាល់ដោយប្រាជ្ញាថា សង្ខារជាទុក្ខ និរោធជាសុខ ឈ្មោះថា ទិដ្ឋិប្បត្តៈ មាន ៦ ពួក ដូចកាយសក្ខី។
ID: 637651735364822526
ទៅកាន់ទំព័រ៖