ព្រះត្រៃបិដក ភាគ ៨៣
ហើយធ្វើនូវទីបំផុតនៃវដ្ដទុក្ខ នេះហៅថា បុគ្គលជាកោលំកោលៈ
(១) ។
[៤៩] បុគ្គលជាឯកពីជី តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ដល់នូវសោតៈ ព្រោះអស់ទៅនៃសញ្ញោជនៈ ៣ មានសភាពមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ បុគ្គលនោះ កើតក្នុងភពជារបស់មនុស្សតែម្តងទៀត ហើយធ្វើនូវទីបំផុតនៃវដ្ដទុក្ខ នេះហៅថា បុគ្គលជាឯកពីជី
(២) ។
[៥០] បុគ្គលជាសកទាគាមី តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាសកទាគាមិបុគ្គល ព្រោះអស់ទៅនៃសញ្ញោជនៈ ៣ ព្រោះស្រាលស្តើងនៃរាគៈ ទោសៈ មោហៈ មកកាន់លោកនេះ អស់វារៈម្តងទៀត ហើយធ្វើនូវទីបំផុតនៃវដ្ដទុក្ខ នេះហៅថា បុគ្គលជាសកទាគាមី
(៣) ។
(១) ជាឈ្មោះនៃសោតាបន្នបុគ្គលទី ២ បុគ្គលនេះ តាំងពីបានសោតាបត្តិផលទៅ មិនកើតក្នុងត្រកូលទាបទេ កើតតែក្នុងត្រកូលខ្ពស់ អន្ទោលទៅដរាបដល់អស់ ៦ ជាតិ ទើបធ្វើនូវទីបំផុតនៃវដ្តទុក្ខ។ អដ្ឋកថា។ (២) ជាឈ្មោះនៃសោតាបន្នបុគ្គលទី ៣។ (៣) បុគ្គលដែលមកកាន់មនុស្សលោកនេះ អស់វារៈម្តងទៀត ដោយអំណាចបដិសន្ធិ ឈ្មោះថា សកទាគាមិបុគ្គល ៗនេះ មាន ៥ ពួក គឺបុគ្គលខ្លះ ដល់សកទាគាមិផល ក្នុងមនុស្សលោកនេះ ហើយបរិនិព្វានក្នុងមនុស្សលោកនេះតែម្តង ១ បុគ្គលខ្លះ ដល់សកទាគាមិផល ក្នុងមនុស្សលោកនេះ ហើយទៅបរិនិព្វានក្នុងទេវលោក ១ បុគ្គលខ្លះ ដល់សកទាគាមិផលក្នុងទេវលោក ហើយបរិនិព្វានក្នុងទេវលោកនោះតែម្តង ១ បុគ្គលខ្លះ ដល់សកទាគាមិផល ក្នុងទេវលោក មកកើតក្នុងមនុស្សលោកនេះ ហើយទើបបរិនិព្វាន ១ បុគ្គលខ្លះ ដល់សកទាគាមិផល ក្នុងមនុស្សលោកនេះ ទៅកើតនៅអស់កំណត់អាយុក្នុងទេវលោក ហើយត្រឡប់មកកើតក្នុងមនុស្សលោកនេះម្តងទៀត ទើបបរិនិព្វាន ១។ ឯពាក្យថា សកទាគាមិបុគ្គលនេះ សំដៅយកតែបុគ្គលទី ៥ ខាងចុងប៉ុណ្ណោះ ឯបុគ្គល ៤ ពួកខាងដើម មិនរាប់យកក្នុងទីនេះទេ ប្លែកអំពីឯកពីជីសោតៈ មានបដិសន្ធិតែម្តង ហើយបរិនិព្វានទៅ ឯសកទាគាមិបុគ្គល មានបដិសន្ធិ ២ ដង ទើបបរិនិព្វាន។
ID: 637651738401697123
ទៅកាន់ទំព័រ៖