ព្រះត្រៃបិដក ភាគ ៨៣
បុគ្គលដែលលះបង់សញ្ញោជនៈ ៣ នេះហៅថា បុគ្គលជាសោតាបន្នៈ។ បុគ្គលប្រតិបត្តិដើម្បីឲ្យស្រាលស្តើងកាមរាគ និងព្យាបាទ ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល បានដល់បុគ្គលដែលមានកាមរាគ និងព្យាបាទស្រាលស្តើង នេះហៅថា បុគ្គលជាសកទាគាមី។ បុគ្គលប្រតិបត្តិដើម្បីលះបង់កាមរាគ និងព្យាបាទ មិនឲ្យសេសសល់ ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល បានដល់បុគ្គលដែលលះបង់កាមរាគ និងព្យាបាទ មិនឲ្យសេសសល់ នេះហៅថា បុគ្គលជាអនាគាមី។ បុគ្គលប្រតិបត្តិដើម្បីលះបង់រូបរាគ អរូបរាគ មានះ ឧទ្ធច្ចៈ និងអវិជ្ជា មិនឲ្យសេសសល់ ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្តផល បានដល់បុគ្គលដែលលះបង់រូបរាគ អរូបរាគ មានះ ឧទ្ធច្ចៈ និងអវិជ្ជា មិនឲ្យសេសសល់ នេះហៅថា បុគ្គលជាអរហន្ត។
ចប់ ឯកកនិទ្ទេស។
ID: 637651739666228398
ទៅកាន់ទំព័រ៖