ព្រះត្រៃបិដក ភាគ ៨៣
នេះហៅថា បុគ្គលមានសេចក្តីច្រណែន។ បុគ្គលមានសេចក្តីកំណាញ់ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ សេចក្តីកំណាញ់ តើដូចម្តេច។ សេចក្តីកំណាញ់ ៥ យ៉ាង គឺ កំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់សេចក្តីសរសើរ ១ កំណាញ់ធម៌ ១ ការកំណាញ់ អាការកំណាញ់ ភាពនៃសេចក្តីកំណាញ់ សេចក្តីប្រាថ្នាខ្លាំង សេចក្តីកំណាញ់រឹង សេចក្តីស្វិតស្វាញ ចិត្តហួងហែងមិនរើសមុខណា ដែលមានសភាពដូច្នេះ នេះហៅថា សេចក្តីកំណាញ់។ បុគ្គលដែលមិនលះបង់សេចក្តីកំណាញ់នេះ នេះហៅថា បុគ្គលមានសេចក្តីកំណាញ់។
[៦១] បុគ្គលមានសេចក្តីអួតអាង តើដូចម្តេច។ បណ្តាធម៌ទាំងនោះ សេចក្តីអួតអាង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកអួតអាង ជាអ្នកឡែបឡប មានការអួតអាង អាការអួតអាង ភាពនៃសេចក្តីអួតអាង សេចក្តីរឹងរូស សេចក្តីរឹងត្អឹង ការបោកប្រាស សេចក្តីបោកប្រាសណា នេះហៅថា សេចក្តីអួតអាង។ បុគ្គលដែលមិនលះបង់សេចក្តីអួតអាងនេះ នេះហៅថា បុគ្គលមានសេចក្តីអួតអាង។ បុគ្គលមានមាយា តើដូចម្តេច។ បណ្តាធម៌ទាំងនោះ មាយា តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តទុច្ចរិតដោយកាយ
ID: 637651740420134709
ទៅកាន់ទំព័រ៖