ព្រះត្រៃបិដក ភាគ ៨៣

ការប្រព្រឹត្តិ​ល្មើស​ប្រកបដោយ​វាចា ការប្រព្រឹត្តិ​ល្មើស​ប្រកបដោយ​កាយ និង​វាចា នេះ​ហៅថា វិបត្តិ​សីល ភាព​នៃ​បុគ្គល​ទ្រុស្តសីល​ទាំងអស់ ក៏​ឈ្មោះថា វិបត្តិ​សីល​ដែរ។ បុគ្គល​ប្រកបដោយ​វិបត្តិ​សីល​នេះ ឈ្មោះថា បុគ្គល​វិបត្តិ​សីល។ បុគ្គល​វិបត្តិ​ទិដ្ឋិ តើ​ដូចម្តេច។ បណ្តា​ធម៌​ទាំងនោះ វិបត្តិ​ទិដ្ឋិ តើ​ដូចម្តេច។ (សេចក្តី​យល់) ថា ទាន​ដែល​បុគ្គល​ឲ្យហើយ​មិន​មានផល ការ​បូជា​ធំមិន​មានផល ការ​បូជា​តូច​មិន​មានផល ផលវិបាក​របស់​កម្ម ដែល​បុគ្គល​ធ្វើល្អ និង​ធ្វើ​អាក្រក់​មិន​មាន លោក​នេះ​មិន​មាន លោកខាងមុខ​មិន​មាន មាតា​មិន​មានគុណ បិតា​មិន​មានគុណ ពួក​សត្វ​ជា​ឱប​បា​តិកៈ​កំណើត​មិន​មាន ពួក​សមណព្រាហ្មណ៍​ក្នុង​លោក ប្រព្រឹត្ត​ល្អ ប្រតិបត្តិ​ត្រូវ ដែល​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​លោក​នេះ និង​លោកខាងមុខ ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយខ្លួនឯង ហើយ​សំដែង​បាន​មិន​មាន ទិដ្ឋិ ដំណើរ​នៃ​ទិដ្ឋិ ព្រៃ​ញាតស្បាត​គឺ​ទិដ្ឋិ ផ្លូវ​ឆ្ងាយ​គឺ​ទិដ្ឋិ ចម្រូង​គឺ​ទិដ្ឋិ ការយល់​ឆ្វេង​គឺ​ទិដ្ឋិ ការ​ទាក់ទិន​គឺ​ទិដ្ឋិ ការ​កាន់ ការ​ប្រកាន់ ការ​ប្រកាន់​ខ្ជាប់ ការ​ស្ទាបអង្អែល ផ្លូវ​អាក្រក់ ផ្លូវខុស ធម្មជាត​ដែល​ខុស លទ្ធិ​ដូចជា​កំពង់ ការ​ប្រកាន់​ក្នុង​ការស្វែងរក​ខុស​ណា ដែល​មាន​សភាព​ដូច្នេះ នេះ​ហៅថា វិបត្តិ​ទិដ្ឋិ មិច្ឆាទិដ្ឋិ​ទាំងអស់ ក៏​ឈ្មោះថា វិបត្តិ​ទិដ្ឋិ​ដែរ។ បុគ្គល​ប្រកបដោយ​វិបត្តិ​ទិដ្ឋិ​នេះ ឈ្មោះថា បុគ្គល​វិបត្តិ​ទិដ្ឋិ។
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 637651741847634660
ទៅកាន់ទំព័រ៖