ព្រះត្រៃបិដក ភាគ ៨៣
ចងក្រោធទុកក្នុងកាលខាងក្រោយ ការចងក្រោធទុក អាការចងក្រោធទុក ភាពនៃសេចក្តីចងក្រោធទុក សេចក្តីតាំងទុក អាការតំកល់ទុក សេចក្តីតំកល់ព្រម ការតំកល់ទុករឿយ ៗ អាការចងទុករឿយ ៗ អំពើដ៏មាំនៃសេចក្តីក្រោធណា ដែលមានសភាពដូច្នេះ នេះហៅថា ការចងសេចក្តីក្រោធទុក។ បុគ្គលដែលលះបង់ការចងសេចក្តីក្រោធទុកនេះ នេះហៅថា បុគ្គលមិនចងសេចក្តីក្រោធទុក។
[៦៩] បុគ្គលមិនលុបគុណគេ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ការលុបគុណគេ តើដូចម្តេច។ ការលុបគុណ អាការលុបគុណ ភាពនៃសេចក្តីលុបគុណ ការវេរឃ្នើ អំពើវេរឃ្នើណា នេះហៅថា ការលុបគុណគេ។ បុគ្គលដែលលះបង់ការលុបគុណនេះ នេះហៅថា បុគ្គលមិនលុបគុណគេ។ បុគ្គលអ្នកមិនប្រណាំងវាសនា តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ការប្រណាំងវាសនា តើដូចម្តេច។ ការប្រណាំងវាសនា អាការប្រណាំងវាសនា ភាពនៃសេចក្តីប្រណាំងវាសនា អាហារនៃការប្រណាំងវាសនា ហេតុជាទីតាំងនៃវិវាទ សេចក្តីកាន់យកជាគូ ការមិនលះបង់ណា នេះហៅថា កាប្រណាំងវាសនា។ បុគ្គលដែលលះបង់ការប្រណាំងវាសនានេះ នេះហៅថា បុគ្គលមិនប្រណាំងវាសនា។
ID: 637651742305759631
ទៅកាន់ទំព័រ៖