ព្រះត្រៃបិដក ភាគ ៨៣
ជាអ្នកអួតអាង អែបអប មានការអួតអាង អាការអួតអាង ភាពនៃការអួតអាង សេចក្តីរឹងរូស សេចក្តីរឹងត្អឹង ការបោកប្រាស សេចក្តីបោកប្រាស ណា នេះហៅថា សេចក្តីអួតអាង។ បុគ្គលដែលលះបង់សេចក្តីអួតអាងនេះ នេះហៅថា បុគ្គលជាអ្នកមិនអួតអាង។ បុគ្គលមិនមានមាយា តើដូចម្តេច។ បណ្តាធម៌ទាំងនោះ មាយា តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត តាំងទុកនូវសេចក្តីប្រាថ្នាដ៏លាមក ព្រោះហេតុបិទបាំងទុច្ចរិតនោះ ប្រាថ្នាថា កុំឲ្យគេស្គាល់អញ ត្រិះរិះថា កុំឲ្យគេស្គាល់អញ ពោលពាក្យថា កុំឲ្យគេស្គាល់អញ ព្យាយាមដោយកាយថា កុំឲ្យគេស្គាល់អញ មាយា ភាពនៃបុគ្គលមានមាយា ការបិទបាំងទោស ការបញ្ឆោត ការបំភាន់ ការបោះចោលនូវបាប ការរក្សាទុកនូវទោស ការលាក់ ការលាក់ភ្ជិត ការបិទបាំងនូវបាប ការបិតបាំងភ្ជិត អំពើមិនរាក់ អំពើមិនធ្វើឲ្យប្រាកដ ការបិទបាំងជិត កិរិយាដ៏លាមកណា ដែលមានសភាពដូច្នេះ នេះហៅថា មាយា។ បុគ្គលដែលលះបង់មាយានេះ នេះហៅថា បុគ្គលមិនមានមាយា។
ID: 637651742763884609
ទៅកាន់ទំព័រ៖