ព្រះត្រៃបិដក ភាគ ៨៣

 [៨១] អាសវៈ​នៃ​បុគ្គល ២ ពួក រមែង​មិន​ចំរើន តើ​ដូចម្តេច។ បុគ្គល​ដែល​មិន​រង្កៀស​សង្ស័យ​នូវ​វត្ថុ​ដែល​មិន​ត្រូវ​រង្កៀស​សង្ស័យ ១ បុគ្គល​ដែល​រង្កៀស​សង្ស័យ​នូវ​វត្ថុ​ដែល​ត្រូវ​រង្កៀស​សង្ស័យ ១ អាសវៈ​នៃ​បុគ្គល ២ ពួក​នេះ រមែង​មិន​ចំរើន។
 [៨២] បុគ្គល​មាន​អធ្យាស្រ័យ​ថោកទាប តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​ទ្រុស្តសីល មានធម៌​លាមក បុគ្គល​នោះ តែង​សេពគប់ ចូល​ទៅ​អង្គុយ​ជិត​បុគ្គល​ដទៃ​ដែល​ទ្រុស្តសីល មានធម៌​លាមក​ដែរ នេះ​ហៅថា បុគ្គល​មាន​អធ្យាស្រ័យ​ថោកទាប។ បុគ្គល​មាន​អធ្យាស្រ័យ​ខ្ពង់ខ្ពស់ តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​អ្នកមានសីល មានធម៌​ល្អ បុគ្គល​នោះ តែង​សេពគប់ ចូល​ទៅ​អង្គុយ​ជិត​បុគ្គល​ដទៃ​ដែល​មាន​សីល មានធម៌​ល្អ នេះ​ហៅថា បុគ្គល​មាន​អធ្យាស្រ័យ​ខ្ពង់ខ្ពស់។
 [៨៣] បុគ្គល​ឆ្អែត​ដោយខ្លួនឯង តើ​ដូចម្តេច។ ព្រះ​បច្ចេក​សម្ពុទ្ធ និង​ព្រះអរហន្ត ជា​សាវ័ក​របស់​ព្រះ​តថាគត ឈ្មោះថា ឆ្អែត​ដោយខ្លួនឯង ឯព្រះសម្មាសម្ពុទ្ធ ឈ្មោះថា ឆ្អែត​ដោយ​ព្រះអង្គ​ឯង​ផង ញុំាង​គេ​ឲ្យ​ឆ្អែត​ផង។

ចប់ ទុក​និទ្ទេស។

ថយ | ទំព័រទី ២៦៦ | បន្ទាប់
ID: 637651763478306509
ទៅកាន់ទំព័រ៖