ព្រះត្រៃបិដក ភាគ ៨៣

ក៏​គង់​ត្រាច់​ចុះ​កាន់​សម្មត្តនិយាម ក្នុង​កុសលធម៌​ទាំងឡាយ​បាន។ មួយទៀត បុគ្គល​ខ្លះ ក្នុង​លោក​នេះ លុះតែ​បានឃើញ​ព្រះ​តថាគត មិនមែន​ជា​មិនបាន​ឃើញ​ទេ បាន​ស្តាប់​ធម្មវិន័យ ដែល​ព្រះ​តថាគត​សំដែង​ហើយ មិនមែន​ជា​មិនបាន​ស្តាប់​ទេ ទើប​ត្រាច់​ចុះ​កាន់​សម្មត្តនិយាម​ក្នុង​កុសលធម៌​ទាំងឡាយ​បាន។ បណ្តា​បុគ្គល​ទាំង​បី​ពួក​នោះ បុគ្គល​ណា​ដែល​លុះតែ​បានឃើញ​ព្រះ​តថាគត មិនមែន​ជា​មិនបាន​ឃើញ​ទេ បាន​ស្តាប់​ធម្មវិន័យ​ដែល​ព្រះ​តថាគត​សំដែង​ហើយ មិនមែន​ជា​មិនបាន​ស្តាប់​ទេ ទើប​ត្រាច់​ចុះ​កាន់​សម្មត្តនិយាម ក្នុង​កុសលធម៌​ទាំងឡាយ​បាន ព្រោះតែ​អាស្រ័យ​នូវ​បុគ្គល​នេះ បាន​ជា​ព្រះមានព្រះភាគ ទ្រង់​អនុញ្ញាត​ធម្មទេសនា(១) មិន​តែប៉ុណ្ណោះ​សោត ព្រោះតែ​អាស្រ័យ​បុគ្គល​នោះ​ឯង សូម្បី​បុគ្គល​ឯទៀត ក៏​ព្រះមានព្រះភាគ​គួរ​សំដែងធម៌​ដែរ។ នេះ បុគ្គល ៣ ពួក ប្រៀប​ដោយ​បុគ្គល​ឈឺ រមែង​មាន​ក្នុង​លោក។
[៨៧] ចុះ​បុគ្គល​ជា​កាយ​សក្ខី (មាន​កាយ​ជា​បន្ទាល់) តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ បាន​នូវ​វិមោក្ខ​ទាំង ៨ ដោយ​នាមកាយ ទាំង​អាសវៈ​ពួក​ខ្លះ របស់​បុគ្គល​នោះ ក៏​អស់រលីង ព្រោះ​ឃើញ​ដោយ​ប្រាជ្ញា នេះ​ហៅថា បុគ្គល​ជា​កាយ​សក្ខី។
(១) សំដៅយក​ធម្មទេសនា​ដែល​អនុញ្ញាត​ឲ្យ​សំដែង​ក្នុង ១ ខែ ៨ ដង។
ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 637651764782369018
ទៅកាន់ទំព័រ៖