ព្រះត្រៃបិដក ភាគ ៨៣

ដឹង​ច្បាស់​តាមពិត​ថា នេះ​ទុក្ខ ដឹង​ច្បាស់​តាមពិត​ថា នេះ​ហេតុ​នាំឲ្យកើត​ទុក្ខ ដឹង​ច្បាស់​តាមពិត​ថា នេះ​ធម៌​រំលត់ទុក្ខ ដឹង​ច្បាស់​តាមពិត​ថា នេះ​បដិ​ទា​ជា​ដំណើរ​ទៅកាន់​ធម៌​រំលត់ទុក្ខ បុរស​មាន​ចក្ខុ គប្បី​ឃើញ​នូវ​រូប​ទាំងឡាយ នា​ចន្លោះ​នៃ​ផ្លេកបន្ទោរ ក្នុង​រាត្រី​ងងឹត យ៉ាងណាមិញ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ដឹង​ច្បាស់​តាមពិត​ថា នេះ​ទុក្ខ ដឹង​ច្បាស់​តាមពិត​ថា នេះ​ហេតុ​នាំឲ្យកើត​ទុក្ខ ដឹង​ច្បាស់​តាមពិត​ថា នេះ​ធម៌​រំលត់ទុក្ខ ដឹង​ច្បាស់​តាមពិត​ថា នេះ​បដិបទា​ជា​ដំណើរ​ទៅកាន់​ធម៌​រំលត់ទុក្ខ ក៏​យ៉ាងនោះ​ឯង នេះ​ហៅថា បុគ្គល​មានចិត្ត​ប្រៀប​ដោយ​ផ្លេកបន្ទោរ។ បុគ្គល​មានចិត្ត​ប្រៀប​ដោយ​ពេជ្រ តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ បាន​ធ្វើឲ្យ​ជាក់ច្បាស់​សម្រេច ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយខ្លួនឯង​ក្នុង​បច្ចុប្បន្ន នូវ​ចេ​តោ​វិមុត្តិ បញ្ញា​វិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ ហើយ​សម្រេចសម្រាន្ត​នៅ ដូចជា​កែវមណី​ក្តី ថ្ម​ក្តី ឈ្មោះថា មិន​ដាច់​បន្តិចបន្តួច​ដោយ​ពេជ្រ មិន​មាន​ឡើយ យ៉ាងណាមិញ បុគ្គល​ខ្លះ ក្នុង​លោក​នេះ បាន​ធ្វើឲ្យ​ជាក់ច្បាស់​សម្រេច ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយខ្លួនឯង​ក្នុង​បច្ចុប្បន្ន នូវ​ចេ​តោ​វិមុត្តិ បញ្ញា​វិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ ហើយ​សម្រេចសម្រាន្ត​នៅ ក៏​យ៉ាងនោះ​ដែរ នេះ​ហៅថា បុគ្គល​មានចិត្ត​ប្រៀប​ដោយ​ពេជ្រ។
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 637651765802213416
ទៅកាន់ទំព័រ៖