ព្រះត្រៃបិដក ភាគ ៨៣
[៩០] បុគ្គលខ្វាក់ តើដូចម្តេច។ បុគ្គលគប្បីបាននូវភោគៈ ដែលខ្លួនមិនទាន់បាន ឬគប្បីធ្វើនូវភោគៈដែលបានហើយ ឲ្យកាន់តែចំរើនឡើង ដោយចក្ខុគឺបញ្ញា មានសភាពបែបណា បុគ្គលខ្លះ ក្នុងលោកនេះ មិនមានចក្ខុ មានសភាពបែបនោះផង បុគ្គលគប្បីដឹងនូវធម៌ជាកុសល និងអកុសល គប្បីដឹងនូវធម៌ដែលប្រកបដោយទោស និងមិនមានទោស គប្បីដឹងនូវធម៌ដ៏ថោកទាប និងខ្ពង់ខ្ពស់ គប្បីដឹងនូវធម៌មានចំណែកប្រៀបដោយធម៌ខ្មៅ និងធម៌ស ដោយចក្ខុ មានសភាពបែបណា បុគ្គលនោះ មិនមានចក្ខុ មានសភាពបែបនោះផងឡើយ នេះហៅថា បុគ្គលខ្វាក់។ បុគ្គលមានភ្នែកម្ខាង តើដូចម្តេច។ បុគ្គលគប្បីបាននូវភោគៈ ដែលខ្លួនមិនទាន់បាន ឬគប្បីធ្វើនូវភោគៈដែលបានហើយ ឲ្យកាន់តែចំរើនឡើង ដោយចក្ខុ មានសភាពបែបណា បុគ្គលខ្លះ ក្នុងលោកនេះ មានតែចក្ខុមានសភាពបែបនោះ បុគ្គលគប្បីដឹងនូវធម៌ជាកុសល និងអកុសល គប្បីដឹងនូវធម៌ប្រកបដោយទោស និងមិនមានទោស គប្បីដឹងនូវធម៌ដ៏ថោកទាប និងខ្ពង់ខ្ពស់ គប្បីដឹងនូវធម៌មានចំណែកប្រៀបដោយធម៌ខ្មៅ និងធម៌ស ដោយចក្ខុមានសភាពបែបណា បុគ្គលនោះ មិនមានចក្ខុមានសភាពបែបនោះឡើយ នេះហៅថា បុគ្គលមានភ្នែកម្ខាង។
ID: 637651766027056688
ទៅកាន់ទំព័រ៖