ព្រះត្រៃបិដក ភាគ ៨៣

ប្រាសចាក​តម្រេក​ក្នុង​កាម​ផង ក្នុង​ភព​ផង។
 [៩៣] បុគ្គល​ប្រៀប​ដោយ​គំនូស​ថ្ម តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ក្រោធ​រឿយ ៗ ឯសេចក្តី​ក្រោធ​នោះ របស់​បុគ្គល​នោះ​សោត តែង​ដេក​ត្រាំ​នៅ អស់​កាលយូរ​អង្វែង គំនូស​ថ្ម មិន​ងាយ​រលប់​ឆាប់ ដោយ​ខ្យល់ ឬទឹក​ឡើយ ជា​គំនូស​តែង​ឋិតនៅ​អស់កាលជាយូរអង្វែង យ៉ាងណាមិញ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ក្រោធ​រឿយ ៗ ឯសេចក្តី​ក្រោធ​នោះ របស់​បុគ្គល​នោះ​សោត តែង​ដេក​ត្រាំ​នៅ អស់​កាលយូរ​អង្វែង ក៏​យ៉ាងនោះ​ដែរ នេះ​ហៅថា បុគ្គល​ប្រៀប​ដោយ​គំនូស​ថ្ម។ បុគ្គល​ប្រៀប​ដោយ​គំនូស​ដី តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ក្រោធ​រឿយ ៗ តែ​សេចក្តី​ក្រោធ​នោះ របស់​បុគ្គល​នោះ មិនបាន​ដេក​ត្រាំ​នៅ​អស់​កាលយូរ​អង្វែង​ឡើយ គំនូស​ដី តែង​ឆាប់​រលប់​ទៅ ដោយ​ខ្យល់ ឬទឹក ជា​គំនូស​មិន​ឋិតនៅ​អស់កាលជាយូរអង្វែង យ៉ាងណាមិញ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ក្រោធ​រឿយ ៗ តែ​សេចក្តី​ក្រោធ​នោះ របស់​បុគ្គល​នោះ មិន​ដេក​ត្រាំ​នៅ​អស់​កាលយូរ​អង្វែង​ឡើយ ក៏​យ៉ាងនោះ​ដែរ នេះ​ហៅថា បុគ្គល​ប្រៀប​ដោយ​គំនូស​ដី។ បុគ្គល​ប្រៀប​ដោយ​គំនូស​ទឹក តើ​ដូចម្តេច។
ថយ | ទំព័រទី ២៨២ | បន្ទាប់
ID: 637651767410181838
ទៅកាន់ទំព័រ៖