ព្រះត្រៃបិដក ភាគ ៨៣

 [៩៥] បុគ្គល ៣ ពួក ប្រៀប​ដោយ​សំពត់​សម្បកឈើ​នេះ រមែង​មាន​ក្នុង​ពួក​ភិក្ខុ ក៏​យ៉ាងនោះ​ឯង។ បុគ្គល ៣ ពួក តើ​ដូចម្តេច។ ប្រសិនបើ​ភិក្ខុ​ថ្មី(១) ជា​អ្នក​ទ្រុស្តសីល មានធម៌​ដ៏​លាមក អំពើ​នេះ ព្រោះ​ភិក្ខុ​នោះ មាន​ពណ៌ គឺ​សីល​អាក្រក់ សំពត់​សម្បកឈើ​នោះ មាន​ពណ៌​អាក្រក់ មាន​ឧបមា​យ៉ាងណាមិញ បុគ្គល​នេះ ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ បើ​ពួក​ជន​ណាមួយ ទៅ​សេពគប់ ចូល​ទៅ​អង្គុយ​ជិត តែង​ដល់​នូវ​ការប្រព្រឹត្តិ​តាម នូវ​ទិដ្ឋិ​របស់​បុគ្គល​នោះ ការ​សេព​នោះ ប្រព្រឹត្តទៅ​ដើម្បី​មិនជា​ប្រយោជន៍ ដើម្បី​សេចក្តី​ទុក្ខ អស់កាលជាយូរអង្វែង ដល់​ជន​ទាំងនោះ អំពើ​នេះ ព្រោះ​បុគ្គល​នោះ មាន​សម្ផ័​ស្ស​ជា​ទុក្ខ សំពត់​សម្បកឈើ​នោះ មាន​សម្ផ័​ស្ស​រឹង មាន​ឧបមា​យ៉ាងណាមិញ បុគ្គល​នេះ ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ បុគ្គល​នេះ បើ​ទទួល​ចីវរ បិណ្ឌបាត សេនាសនៈ និង​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ របស់​ជន​ពួក​ណា ការ​ទទួល​នោះ ជា​អំពើ​មិន​មានផល​ច្រើន មិន​មាន​អានិសង្ស​ច្រើន ដល់​ជន​ពួក​នោះ​ឡើយ អំពើ​នេះ ព្រោះ​បុគ្គល​នោះ​មានតម្លៃ​តិច សំពត់​សម្បកឈើ​មានតម្លៃ​តិច មាន​ឧបមា​យ៉ាងណាមិញ បុគ្គល​នេះ មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ បើ​ភិក្ខុ​ជា​កណ្តាល(២)។បេ។
(១) សំដៅយក​ភិក្ខុ​ដែល​ឧបសម្ប័ទ​មិនទាន់ ៥ វស្សា ទុកជា​មាន​អាយុ ៦០ ឆ្នាំ ក៏ដោយ ក៏​ឈ្មោះថា ភិក្ខុ​ថ្មី។ អដ្ឋកថា។ (២) រាប់​ពី ៥ វស្សា ទៅដល់ ៩ វស្សា ឈ្មោះថា ភិក្ខុ​ជា​កណ្តាល។ ពី ១០ វស្សា​ឡើង​ទៅ ឈ្មោះថា ភិក្ខុ​ជា​ថេរៈ។ អដ្ឋកថា។
ថយ | ទំព័រទី ២៨៤ | បន្ទាប់
ID: 637651768050182022
ទៅកាន់ទំព័រ៖