ព្រះត្រៃបិដក ភាគ ៨៣
មិនគួរចូលទៅអង្គុយជិត។ ដំណើរនោះ តើព្រោះហេតុអ្វី។ ព្រោះថា បុគ្គលមិនដល់នូវការប្រព្រឹត្តិតាម នូវទិដ្ឋិរបស់បុគ្គលបែបនេះ ក៏ពិតមែនហើយ តែកិត្តិស័ព្ទដ៏អាក្រក់នៃបុគ្គលនោះ រមែងខ្ចរខ្ចាយថា បុរសបុគ្គលនោះ មានមិត្រអាក្រក់ មានសំឡាញ់អាក្រក់ ងាកទៅរកបុគ្គលអាក្រក់ ពស់នៅក្នុងរណ្តៅលាមក មិនចឹកស៊ី ក៏ពិតមែនហើយ តែលាមកគង់ប្រឡាក់នូវពស់នោះ យ៉ាងណាមិញ បុគ្គលមិនដល់នូវការប្រព្រឹត្តិតាមនូវទិដ្ឋិរបស់បុគ្គលបែបនេះ ក៏ពិតមែនហើយ តែកិត្តិសព្ទដ៏អាក្រក់នៃបុគ្គលនោះ រមែងខ្ចរខ្ចាយថា បុរសបុគ្គលនេះ មានមិត្រអាក្រក់ មានសំឡាញ់អាក្រក់ ងាកទៅរកបុគ្គលអាក្រក់ ក៏យ៉ាងនោះដែរ ព្រោះហេតុនោះ បុគ្គលបែបនេះ គេគួរខ្ពើម មិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត។ បុគ្គលគេគួរសំឡឹងមើល តែមិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកក្រោធ ច្រើនដោយការចង្អៀតចង្អល់ សូម្បីតែគេស្តីថាបន្តិចបន្តួច ក៏ខ្នក់ចិត្ត ខឹង ព្យាបាទ តតប ធ្វើសេចក្តីក្រោធ ប្រទូស្ត និងសេចក្តីមិនត្រេកអរឲ្យប្រាកដ ដំបៅរីក ដែលបុគ្គលឲ្យជល់ដោយឈើ ឬអម្បែង តែងហូរទឹករងៃ
ID: 637651769855962827
ទៅកាន់ទំព័រ៖