ព្រះត្រៃបិដក ភាគ ៨៣
[១១៤] បុគ្គល ៤ ពួក ប្រៀបដោយកណ្តុរនេះ តែងមានក្នុងលោក យ៉ាងនោះឯង។ បុគ្គល ៤ ពួក តើដូចម្តេច។ បុគ្គលដូចកណ្តុរគ្រាន់តែធ្វើរន្ធ តែមិននៅ ១ បុគ្គលដូចកណ្តុរគ្រាន់តែនៅ តែមិនធ្វើរន្ធ ១ បុគ្គលដូចកណ្តុរធ្វើរន្ធផង នៅផង ១ បុគ្គលដូចកណ្តុរ រន្ធក៏មិនធ្វើ នៅក៏មិននៅ ១។ បុគ្គលដូចកណ្តុរគ្រាន់តែធ្វើរន្ធ តែមិននៅ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានរៀនធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ តែបុគ្គលនោះ មិនដឹងច្បាស់តាមពិតថា នេះទុក្ខ មិនដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតទុក្ខ មិនដឹងច្បាស់តាមពិតថា នេះធម៌រំលត់ទុក្ខ មិនដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចកណ្តុរគ្រាន់តែធ្វើរន្ធ តែមិននៅ យ៉ាងនេះឯង កណ្តុរនោះ ធ្វើរន្ធហើយ តែមិននៅ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចកណ្តុរគ្រាន់តែនៅ តែមិនធ្វើរន្ធ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនរៀនធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈទេ
ID: 637651774040494026
ទៅកាន់ទំព័រ៖