ព្រះត្រៃបិដក ភាគ ៨៣
បុគ្គលដូចស្វាយខ្ចី មានសម្បុរខ្ចី ១ បុគ្គលដូចស្វាយទុំ មានសម្បុរទុំ ១។ បុគ្គលដូចស្វាយខ្ចី តែមានសម្បុរទុំ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានការឈានទៅមុខ ការឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាអវយវៈចេញ ទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ ប្រកបដោយសេចក្តីជ្រះថ្លា តែបុគ្គលនោះ មិនដឹងច្បាស់តាមពិតថា នេះទុក្ខ មិនដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតទុក្ខ មិនដឹងច្បាស់តាមពិតថា នេះធម៌រំលត់ទុក្ខ មិនដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចស្វាយខ្ចី តែមានសម្បុរទុំ យ៉ាងនេះឯង ផ្លែស្វាយនោះខ្ចី តែមានសម្បុរទុំ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចស្វាយទុំ តែមានសម្បុរខ្ចី តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានការឈានដើរទៅមុខ ការឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាអវយវៈចេញ ទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ មិនប្រកបដោយសេចក្តីជ្រះថ្លាទេ តែបុគ្គលនោះ ដឹងច្បាស់តាមពិតថា នេះទុក្ខ ដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះធម៌រំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចស្វាយទុំ តែមានសម្បុរខ្ចី យ៉ាងនេះឯង
ID: 637651774727681611
ទៅកាន់ទំព័រ៖