ព្រះត្រៃបិដក ភាគ ៨៣
ផ្លែស្វាយនោះទុំ តែមានសម្បុរដូចខ្ចី មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចស្វាយខ្ចី មានសម្បុរខ្ចី តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានការឈានទៅមុខ ការឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាអវយវៈចេញ ទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ មិនជាទីជ្រះថ្លា ថែមទាំងបុគ្គលនោះ មិនដឹងច្បាស់តាមពិតថា នេះទុក្ខ។បេ។ មិនដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចស្វាយខ្ចី មានសម្បុរខ្ចី យ៉ាងនេះឯង ផ្លែស្វាយនោះខ្ចី មានសម្បុរខ្ចី មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចស្វាយទុំមានសម្បុរទុំ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានការឈានទៅមុខ ការឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាអវយវៈចេញ ទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ ប្រកបដោយសេចក្តីជ្រះថ្លា ថែមទាំងបុគ្គលនោះ ដឹងច្បាស់តាមពិតថា នេះទុក្ខ។បេ។ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចស្វាយទុំ មានសម្បុរទុំ យ៉ាងនេះឯង ផ្លែស្វាយនោះទុំ មានសម្បុរទុំ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ នេះ បុគ្គល ៤ ពួក ប្រៀបដោយផ្លែស្វាយ តែងមានក្នុងលោក។
ID: 637651774926744313
ទៅកាន់ទំព័រ៖