ព្រះត្រៃបិដក ភាគ ៨៣

បុគ្គល​នេះ ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ។ នេះ បុគ្គល ៤ ពួក ប្រៀប​ដោយ​គោ​បម្រើ តែង​មាន​ក្នុង​លោក។
 [១២៣] បណ្តា​បុគ្គល​ទាំងនោះ បុគ្គល ៤ ពួក ប្រៀប​ដោយ​សត្វ​អាសីរពិស តើ​ដូចម្តេច។ សត្វ​អាសីរពិស​មាន ៤ ពួក គឺ អាសីរពិស មានពិស​រួសរាន់ មានពិស​មិន​ពន្លឹក ១ មានពិស​ដ៏​ពន្លឹក មានពិស​មិន​រួសរាន់ ១ មានពិស​រួសរាន់ ទាំង​មានពិស​ដ៏​ពន្លឹក ១ មិន​មានពិស​រួសរាន់ ទាំង​មិន​មានពិស​ដ៏​ពន្លឹក ១។
 [១២៤] បុគ្គល ៤ ពួក ប្រៀប​ដោយ​សត្វ​អាសីរពិស​នេះ តែង​មាន​ក្នុង​លោក ក៏​យ៉ាងនោះ​ឯង។ បុគ្គល ៤ ពួក តើ​ដូចម្តេច។ បុគ្គល​ដូច​អាសីរពិស មានពិស​រួសរាន់ មិន​មានពិស​ដ៏​ពន្លឹក ១ មានពិស​ដ៏​ពន្លឹក មិន​មានពិស​រួសរាន់ ១ មានពិស​រួសរាន់ ទាំង​មានពិស​ដ៏​ពន្លឹក ១ មិន​មានពិស​រួសរាន់ ទាំង​មិន​មានពិស​ដ៏​ពន្លឹក ១។ បុគ្គល​ដូច​អាសីរពិស មានពិស​រួសរាន់ មិន​មានពិស​ដ៏​ពន្លឹក តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ក្រោធ​រឿយ ៗ តែ​សេចក្តី​ក្រោធ​នោះ របស់​បុគ្គល​នោះ មិនបាន​ដេក​ត្រាំ​នៅ​អស់​កាលយូរ​អង្វែង​ទេ បុគ្គល​ដូច​អាសីរពិស មានពិស​រួសរាន់ មិន​មានពិស​ដ៏​ពន្លឹក យ៉ាងនេះ​ឯង សត្វ​អាសីរពិស​នោះ មានពិស​រួសរាន់ មិន​មានពិស​ដ៏​ពន្លឹក មាន​ឧបមា​យ៉ាងណាមិញ បុគ្គល​នេះ ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ។
ថយ | ទំព័រទី ៣២២ | បន្ទាប់
ID: 637651776787525258
ទៅកាន់ទំព័រ៖