ព្រះត្រៃបិដក ភាគ ៨៣
បុគ្គលដូចអាសីរពិស មានពិសដ៏ពន្លឹក មិនមានពិសរួសរាន់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនសូវក្រេវក្រោធរឿយ ៗ ទេ តែសេចក្តីក្រោធនោះ របស់បុគ្គលនោះ (កើតឡើងម្តង ៗ) តែងដេកត្រាំនៅអស់កាលយូរអង្វែង បុគ្គលដូចអាសីរពិស មានពិសដ៏ពន្លឹក មិនមានពិសរួសរាន់ យ៉ាងនេះឯង សត្វអាសីរពិសនោះ មានពិសដ៏ពន្លឹក មិនមានពិសរួសរាន់ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចអាសីរពិស មានពិសរួសរាន់ ទាំងមានពិសដ៏ពន្លឹក តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ តែងក្រោធរឿយ ៗ ថែមទាំងសេចក្តីក្រោធនោះ របស់បុគ្គលនោះ តែងដេកត្រាំនៅអស់កាលយូរអង្វែង បុគ្គលដូចអាសីរពិស មានពិសរួសរាន់ ទាំងមានពិសដ៏ពន្លឹក យ៉ាងនេះឯង សត្វអាសីរពិសនោះ មានពិសរួសរាន់ ទាំងមានពិសដ៏ពន្លឹក មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចអាសីរពិស មិនមានពិសរួសរាន់ ទាំងមិនមានពិសដ៏ពន្លឹក តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនក្រោធរឿយ ៗ ថែមទាំងសេចក្តីក្រោធនោះ របស់បុគ្គលនោះ ក៏មិនដេកត្រាំនៅអស់កាលយូរអង្វែង បុគ្គលដូចអាសីរពិស មិនមានពិសរួសរាន់ ទាំងមិនមានពិសដ៏ពន្លឹក យ៉ាងនេះឯង សត្វអាសីរពិសនោះ មិនមានពិសរួសរាន់ ទាំងមិនមានពិសដ៏ពន្លឹក មានឧបមាយ៉ាងណាមិញ
ID: 637651776999400382
ទៅកាន់ទំព័រ៖