ព្រះត្រៃបិដក ភាគ ៨៣
ពួកសត្វនរក ឈ្មោះថា បុគ្គលមិនចិញ្ចឹមជីវិតដោយផលនៃការព្យាយាម ទាំងមិនចិញ្ចឹមជីវិតដោយផលបុណ្យ។
[១២៩] បុគ្គលងងឹត មានងងឹតប្រព្រឹត្តទៅខាងមុខ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលទាប គឺត្រកូលចណ្ឌាលក្តី ត្រកូលអ្នកនេសាទក្តី ត្រកូលអ្នកត្បាញផែងក្តី ត្រកូលជាងរថក្តី ត្រកូលអ្នកចាក់សម្រាមក្តី ជាត្រកូលខ្សត់ មានបាយ ទឹក និងភោជនតិច ប្រព្រឹត្តចិញ្ចឹមជីវិតបានដោយលំបាក ដែលជាត្រកូលរកបាយ និងសំពត់ស្លៀកដណ្តប់បានដោយក្រ បុគ្គលនោះឯង ជាមនុស្សមានសម្បុរអាក្រក់ លំបាកមើល ជាបុគ្គលទាបតឿ មានអាពាធច្រើន គឺខ្វាក់ ឬក្ងែង ខ្ចក ឬខ្វិន ជាអ្នកមិនបានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់អាស្រ័យ និងគ្រឿងប្រទីប បុគ្គលនោះ ថែមទាំងប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត បុគ្គលនោះ លុះប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ លុះដល់បែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងអបាយ
ID: 637651778686762693
ទៅកាន់ទំព័រ៖