ព្រះត្រៃបិដក ភាគ ៨៣
មានឈើស្រាយជាបរិវារ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសីល មានធម៌ល្អ តែបរិស័ទរបស់បុគ្គលនោះ ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ បុគ្គលដូចឈើខ្លឹម មានឈើស្រាយជាបរិវារ យ៉ាងនេះឯង ឈើនោះខ្លឹម មានឈើស្រាយជាបរិវារ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចឈើស្រាយ មានឈើស្រាយជាបរិវារ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ ទាំងបរិស័ទរបស់បុគ្គលនោះ ក៏ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ដែរ បុគ្គលដូចឈើស្រាយ មានឈើស្រាយជាបរិវារ យ៉ាងនេះឯង ឈើនោះស្រាយ មានឈើស្រាយជាបរិវារ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចឈើខ្លឹម មានឈើខ្លឹមជាបរិវារ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសីល មានធម៌ល្អ ទាំងបរិស័ទរបស់បុគ្គលនោះ ក៏ជាអ្នកមានសីល មានធម៌ល្អដែរ បុគ្គលដូចឈើខ្លឹម មានឈើខ្លឹមជាបរិវារ យ៉ាងនេះឯង ឈើនោះខ្លឹម មានឈើខ្លឹមជាបរិវារ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ នេះ បុគ្គល ៤ ពួក ប្រៀបដោយឈើ តែងមានក្នុងលោក។
ID: 637651779791149110
ទៅកាន់ទំព័រ៖