ព្រះត្រៃបិដក ភាគ ៨៣

 [១៣៣] បុគ្គល​រាប់អាន​ក្នុង​រូប ជ្រះថ្លា​ព្រោះ​រូប តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ឃើញ​កំពស់​ក្តី ឃើញ​ទំហំ​ក្តី ឃើញ​ទ្រង់ទ្រាយ​ក្តី ឃើញ​រូប​ដ៏​ពេញលេញ​ក្តី ក៏​កាន់​យក​នូវ​សេចក្តី​រាប់អាន​ក្នុង​ចំណែក មាន​កំពស់​ជាដើម​នោះ ហើយ​ញុំាង​សេចក្តី​ជ្រះថ្លា​ឲ្យ​កើត នេះ​ហៅថា បុគ្គល​រាប់អាន​ក្នុង​រូប ជ្រះថ្លា​ព្រោះ​រូប។ បុគ្គល​រាប់អាន​ក្នុង​សំឡេង ជ្រះថ្លា​ព្រោះ​សំឡេង តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ កាលបើ​មានការ​ពណ៌នា​របស់​បុគ្គល​ដទៃ ការ​លើ​កតំ​កើង​របស់​បុគ្គល​ដទៃ ការ​សរសើរ​របស់​បុគ្គល​ដទៃ ការ​នាំទៅ​នូវ​គុណ​របស់​បុគ្គល​ដទៃ ក៏​កាន់​យក​នូវ​សេចក្តី​រាប់អាន ក្នុង​ចំណែក​មានការ​ពណ៌នា​របស់​បុគ្គល​ដទៃ​ជាដើម​នោះ ហើយ​ញុំាង​សេចក្តី​ជ្រះថ្លា​ឲ្យ​កើត នេះ​ហៅថា បុគ្គល​រាប់អាន​ក្នុង​សំឡេង ជ្រះថ្លា​ព្រោះ​សំឡេង។ បុគ្គល​រាប់អាន​ក្នុង​វត្ថុ​សៅហ្មង ជ្រះថ្លា​ព្រោះ​វត្ថុ​សៅហ្មង តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ឃើញ​ចីវរ​សៅហ្មង​ក្តី ឃើញ​បាត្រ​សៅហ្មង​ក្តី ឃើញ​សេនាសនៈ​សៅហ្មង​ក្តី ឃើញ​អំពើ​ដែលគេ​ធ្វើ​បាន​ដោយ​កម្រ មាន​ប្រការ​ផ្សេង ៗ ក្តី ក៏​កាន់​យក​សេចក្តី​រាប់អាន​ក្នុង​ចំណែក មាន​ចីវរ​សៅហ្មង​ជាដើម​នោះ ហើយ​ញុំាង​សេចក្តី​ជ្រះថ្លា​ឲ្យ​កើត នេះ​ហៅថា បុគ្គល​រាប់អាន​ក្នុង​វត្ថុ​សៅហ្មង ជ្រះថ្លា​ព្រោះ​វត្ថុ​សៅហ្មង។
ថយ | ទំព័រទី ៣៣៦ | បន្ទាប់
ID: 637651779980211600
ទៅកាន់ទំព័រ៖