ព្រះត្រៃបិដក ភាគ ៨៣
បុគ្គលដុតកំដៅអ្នកដទៃ ប្រកបនូវការព្យាយាមដើម្បីដុតកំដៅអ្នកដទៃ យ៉ាងនេះឯង។ បុគ្គលដុតកំដៅខ្លួនឯង ប្រកបនូវការព្យាយាមដើម្បីដុតកំដៅខ្លួនឯង ដុតកំដៅអ្នកដទៃ ប្រកបនូវការព្យាយាមដើម្បីដុតកំដៅអ្នកដទៃផង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាក្សត្រទ្រង់រាជ្យ ដែលបានមុទ្ធាភិសេករួចហើយក្តី ជាព្រាហ្មណមហាសាលក្តី ព្រះរាជា ឬព្រាហ្មណ៍នោះ ឲ្យគេសាងរោងសម្រាប់ទទួលភ្ញៀវថ្មី ក្នុងទិសខាងកើតនៃនគរ ហើយកោរសក់ ពុកមាត់ និងពុកចង្កា ស្លៀកដណ្តប់ស្បែកខ្លាទាំងក្រចក លាបប្រឡាក់កាយដោយទឹកដោះថ្លា និងប្រេង អេះខ្នងដោយស្នែងនៃម្រឹគ ហើយចូលទៅកាន់រោងសម្រាប់ទទួលភ្ញៀវ ព្រមទាំងមហេសី និងព្រាហ្មណ៍ជាបុរោហិត ព្រះរាជា ឬព្រាហ្មណ៍នោះ ក៏សម្រេចនូវការដេកលើផែនដីប្រាសចាកកម្រាល ដែលគេលាបពណ៌ខៀវក្នុងទីនោះ ទឹកដោះណា មានក្នុងដោះទី ១ នៃមេគោនុ៎ះដែលមានកូនខ្ចី ព្រះរាជាក៏ចិញ្ចឹមជីវិតដោយទឹកដោះនោះ ទឹកដោះណា មានក្នុងដោះទី ២ មហេសីក៏ចិញ្ចឹមជីវិតដោយទឹកដោះនោះ ទឹកដោះណា មានក្នុងដោះទី ៣ ព្រាហ្មណ៍ជាបុរោហិតក៏ចិញ្ចឹមជីវិតដោយទឹកដោះនោះ ទឹកដោះណា មានក្នុងដោះទី ៤ ក៏បូជាភ្លើងដោយទឹកដោះនោះ
ID: 637651781450524156
ទៅកាន់ទំព័រ៖