ព្រះត្រៃបិដក ភាគ ៨៣
សម្រេចសម្រាន្តនៅក្នុងបច្ចុប្បន្ន តើដូចម្តេច។ ព្រះតថាគត កើតឡើងក្នុងលោកនេះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ ព្រះអង្គមានដំណើរល្អទៅកាន់ព្រះនិព្វាន ព្រះអង្គទ្រង់ជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាអ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ដូចនាយសារថី ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះតថាគតនោះ ទ្រង់បានធ្វើឲ្យជាក់ច្បាស់ដោយប្រាជ្ញាដ៏ឧត្តមនៃព្រះអង្គ នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាសបាន ព្រះអង្គសំដែងធម៌ពីរោះបទដើម ពីរោះបទកណ្តាល និងពីរោះបទចុង ទ្រង់ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ ពេញបរិបូណ៌បរិសុទ្ធទាំងអស់។ គហបតីក្តី កូនគហបតីក្តី បុគ្គលកើតក្នុងត្រកូលណាមួយក្តី តែងស្តាប់ធម៌នោះ។ លុះបុគ្គលនោះ ស្តាប់ធម៌នោះហើយ តែងបានចំពោះនូវសទ្ធាក្នុងព្រះតថាគត។
ID: 637651781885992848
ទៅកាន់ទំព័រ៖