ព្រះត្រៃបិដក ភាគ ៨៣

កាន់​យក​តែ​របស់​ដែលគេ​ឲ្យ ប្រាថ្នា​នូវ​របស់​ដែលគេ​ឲ្យ មិន​មានចិត្ត​ល្មួច មានខ្លួន​ស្អាត លះបង់​នូវ​អព្រហ្មចរិយៈ ជា​អ្នក​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ ប្រព្រឹត្ត​ល្អ ចៀស​វៀង វៀរចាក​មេថុន ដែល​ជា​ធម៌​របស់​អ្នកស្រុក លះបង់​នូវ​មុសាវាទ វៀរចាក​មុសាវាទ ជា​អ្នកពោល​នូវ​ពាក្យពិត តនូវ​ពាក្យពិត មានសំដី​ខ្ជាប់ខ្ជួន ពោល​នូវ​ពាក្យ​គួរ​អ្នកផង​ជឿ​បាន មិន​ពោល​បំភ្លាត់​សត្វលោក​ឡើយ លះបង់​បិ​សុ​ណវាចា វៀរចាក​បិ​សុ​ណវាចា គឺ​ឮពាក្យ​ពី​ខាងនេះ មិនទៅ​ប្រាប់​ខាង​នោះ ដើម្បី​បំបែក​ជន​ទាំងនេះ​ឡើយ ឬឮ​អំពី​ខាង​នោះ មិន​ប្រាប់​ដល់​ជន​ទាំងឡាយ​ខាងនេះ ដើម្បី​បំបែក​ជន​ខាង​នោះ​ឡើយ ជា​អ្នកផ្សះផ្សា​នូវ​ពួក​ជន​ដែល​បែកគ្នា​ហើយ​ផង ជា​អ្នកជួយ​ផ្ចុងផ្តើម ចំពោះ​ពួក​ជន​ដែល​បាន​ប្រកបដោយ​ប្រយោជន៍​ហើយ​ផង ជា​អ្នក​រីករាយ​នឹង​សេចក្តី​ព្រមព្រៀង ត្រេកអរ​នឹង​សេចក្តី​ព្រមព្រៀង ពេញចិត្ត​នឹង​សេចក្តី​ព្រមព្រៀង ជា​អ្នកពោល​តែ​សំដី​ដែល​ធ្វើ​សេចក្តី​ព្រមព្រៀង ជា​អ្នក​លះបង់​ផរុសវាចា វៀរចាក​ផរុសវាចា សំដី​ណា​ជា​សំដី​ឥត​ទោស ជា​សុខ​ដល់​ត្រចៀក គួរ​ជាទីស្រឡាញ់ តាំងនៅ​ក្នុង​ហឫទ័យ ជា​សំដី​អ្នកក្រុង ជាទី​រីករាយ​នៃ​ជន​ច្រើន ជាទី​គាប់ចិត្ត​នៃ​ជន​ច្រើន តែង​ពោល​តែ​សំដី​មាន​សភាព​ដូច្នោះ
ថយ | ទំព័រទី ៣៤៧ | បន្ទាប់
ID: 637651782328180423
ទៅកាន់ទំព័រ៖