ព្រះត្រៃបិដក ភាគ ៨៣

វៀរចាក​ការ​ឆបោក​ដោយ​ជញ្ជីង ឆបោក​ដោយ​ភាជន៍មាស ឆបោក​ដោយ​រង្វាស់​រង្វាល់ វៀរចាក​កិរិយា​សើរើ​បញ្ឆោត​បន្លំ និង​ការ​កោងកាច វៀរចាក​កិរិយា​កាត់ សម្លាប់ ចាប់ចង ធ្វើ​មនុស្ស​ឲ្យ​វង្វេងផ្លូវ ប្លន់​កំហែង​យក​ទ្រព្យ។ បុគ្គល​នោះ ជា​អ្នក​សន្តោស​ដោយ​ចីវរ ជា​គ្រឿង​ការពារ​កាយ សន្តោស​ដោយ​បិណ្ឌបាត ជា​គ្រឿង​រក្សា​ផ្ទៃ បុគ្គល​នោះ បើ​ទៅ​ក្នុង​ទីណា ៗ កាន់​យក​ត្រឹមតែ​ចីវរ និង​បិណ្ឌបាត​ប៉ុណ្ណោះ បក្សី​សកុណជាតិ បើ​ហើរ​ទៅ​ក្នុង​ទីណា ៗ មានតែ​ទម្ងន់​ស្លាប​ទៅ​ក្នុង​ទីនោះ ៗ យ៉ាងណាមិញ ភិក្ខុ​ជា​អ្នក​សន្តោស​ដោយ​ចីវរ ជា​គ្រឿង​រក្សា​កាយ សន្តោស​ដោយ​បិណ្ឌបាត ជា​គ្រឿង​រក្សា​ផ្ទៃ ភិក្ខុ​នោះ ទៅ​ក្នុង​ទីណា ៗ កាន់​យក​ត្រឹមតែ​ចីវរ និង​បិណ្ឌបាត​ប៉ុណ្ណោះ​ទៅ យ៉ាងនោះ​ដែរ។ ភិក្ខុ​នោះ ប្រកបដោយ​សីលក្ខន្ធ​ដ៏​ប្រសើរ​នេះ ហើយ​ទទួល​តែ​សេចក្តី​សុខ ដែល​មិន​មានទោស​ក្នុង​សន្តាន។ ភិក្ខុ​នោះ ឃើញ​រូប​ដោយ​ភ្នែក មិន​កាន់​យក​និមិត្ត មិន​កាន់​យក​អនុព្យញ្ជនៈ អភិជ្ឈា និង​ទោមនស្ស ជាអកុសល​ធម៌​ដ៏​លាមក គប្បី​គ្រប​សង្កត់​បុគ្គល​នុ៎ះ ដែល​មិន​សង្រួម​ចក្ខុន្រ្ទិយ ព្រោះ​ហេតុ​នៃ​ការ​មិន​សង្រួម​នូវ​ចក្ខុន្រ្ទិយ​ណា ក៏​ប្រតិបត្តិ​ដើម្បី​សង្រួម​ចក្ខុន្រ្ទិយ​នោះ រក្សា​ចក្ខុន្រ្ទិយ ដល់​នូវ​ការ​សង្រួម​ក្នុង​ចក្ខុន្រ្ទិយ ឮសំឡេង​ដោយ​ត្រចៀក។បេ។
ថយ | ទំព័រទី ៣៤៩ | បន្ទាប់
ID: 637651782713336795
ទៅកាន់ទំព័រ៖