ព្រះត្រៃបិដក ភាគ ៨៣
ធុំក្លិនដោយច្រមុះ។បេ។ ភ្លក្សរសដោយអណ្តាត។បេ។ ពាល់ត្រូវផោដ្ឋព្វៈដោយកាយ។បេ។ ដឹងធម្មារម្មណ៍ដោយចិត្ត មិនកាន់យកនិមិត្ត មិនកាន់យកអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់ភិក្ខុនុ៎ះ ដែលមិនសង្រួមមនិន្រ្ទិយ ព្រោះហេតុនៃការមិនសង្រួមនូវមនិន្រ្ទិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវមនិន្រ្ទិយនោះ រក្សាមនិន្រ្ទិយ ដល់នូវការសង្រួមក្នុងមនិន្រ្ទិយ។ ភិក្ខុនោះ ប្រកបដោយការសង្រួមនូវឥន្រ្ទិយដ៏ប្រសើរនេះហើយ រមែងទទួលនូវសេចក្តីសុខដែលមិនលាយឡំដោយកិលេសក្នុងសន្តាន។ ភិក្ខុនោះ ជាអ្នកដឹងខ្លួនក្នុងការឈានទៅមុខ និងការឈានថយក្រោយ ជាអ្នកដឹងខ្លួន ក្នុងការមើលទៅមុខ និងការមើលទៅទិសផ្សេងៗ ជាអ្នកដឹងខ្លួន ក្នុងការបត់ដៃជើង ឬលាដៃជើង ជាអ្នកដឹងខ្លួន ក្នុងការទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ ជាអ្នកដឹងខ្លួន ក្នុងការស៊ី ផឹក ទំពាស៊ី ភ្លក្សរស ជាអ្នកដឹងខ្លួន ក្នុងការបន្ទោបង់ឧច្ចារៈ និងបស្សាវៈ ជាអ្នកដឹងខ្លួន ក្នុងការដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ ឬនៅស្លៀម។ ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធ
ID: 637651782918024311
ទៅកាន់ទំព័រ៖