ព្រះត្រៃបិដក ភាគ ៨៣
ដ៏ប្រសើរនេះផង ប្រកបដោយការសង្រួមនូវឥន្រ្ទិយដ៏ប្រសើរនេះផង ប្រកបដោយសតិ និងសម្បជញ្ញៈដ៏ប្រសើរនេះផង ប្រកបដោយសេចក្តីសន្តោសដ៏ប្រសើរនេះផង តែងគប់រកតែទីសេនាសនៈស្ងាត់ គឺ ព្រៃ គល់ឈើ ញកភ្នំ រូងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរចំបើង។ ភិក្ខុនោះ លុះឆាន់បិណ្ឌបាតហើយ ក្នុងវេលាក្រោយភត្ត ក៏អង្គុយពែនភ្នែន តម្រង់កាយឲ្យត្រង់ ផ្ចង់សតិឲ្យមានមុខឆ្ពោះទៅរកកម្មដ្ឋាន។ ភិក្ខុនោះ លះបង់អភិជ្ឈាក្នុងលោក មានចិត្តប្រាសចេញចាកអភិជ្ឈា ជម្រះចិត្តឲ្យស្អាតចាកអភិជ្ឈា លះបង់ព្យាបាទជាគ្រឿងប្រទូស្ត មានចិត្តមិនប្រកបដោយព្យាបាទ មានសេចក្តីអនុគ្រោះដោយប្រយោជន៍ដល់សព្វសត្វ ជម្រះចិត្តឲ្យស្អាតចាកព្យាបាទជាគ្រឿងប្រទូស្ត លះបង់នូវថីនមិទ្ធៈ ប្រាសចាកថីនមិទ្ធៈ មានសេចក្តីសំគាល់ក្នុងពន្លឺ មានសតិ និងសម្បជញ្ញៈ ជម្រះចិត្តឲ្យស្អាតចាកថីនមិទ្ធៈ លះបង់ឧទ្ធច្ចកុក្កុច្ចៈ មិនមានសេចក្តីរវើរវាយ មានចិត្តស្ងប់ស្ងាត់ក្នុងសន្តាន ជម្រះចិត្តឲ្យស្អាតចាកឧទ្ធច្ចកុក្កុច្ចៈ
ID: 637651783138180862
ទៅកាន់ទំព័រ៖