ព្រះត្រៃបិដក ភាគ ៨៣
លះបង់ទុក្ខផង មានសោមនស្ស និងទោមនស្សអស់ទៅ ក្នុងកាលមុនផង ទើបបានដល់នូវចតុត្ថជ្ឈាន មានអារម្មណ៍មិនមែនទុក្ខ មិនមែនសុខ គឺជាឧបេក្ខា មានស្មារតីបរិសុទ្ធដោយឧបេក្ខា ហើយសម្រេចសម្រាន្តនៅ។ ភិក្ខុនោះ កាលបើចិត្តតាំងនៅមាំបរិសុទ្ធផូរផង់ មិនមានទីទួលគឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏បង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ គឺប្រាជ្ញារលឹកឃើញនូវខន្ធដែលអាស្រ័យនៅក្នុងកាលមុន។ ភិក្ខុនោះ រលឹកឃើញនូវបុព្វេនិវាសជាច្រើនប្រការ។ រលឹកឃើញដូចម្តេចខ្លះ។ គឺរលឹកឃើញបាន ១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១ពាន់ជាតិខ្លះ ១សែនជាតិខ្លះ អស់អនេកសំវដ្ដកប្បខ្លះ អនេកវិវដ្ដកប្បខ្លះ និងអនេកសំវដ្ដវិវដ្តកប្បខ្លះ ថា អាត្មាអញបានកើតក្នុងទីឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ រងសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណោះ លុះអាត្មាអញច្យុតចាកទីនោះហើយ បានទៅកើតក្នុងទីឯណោះទៀត អាត្មាអញទៅកើតក្នុងទីនោះ ក៏មានឈ្មោះយ៉ាងនេះ
ID: 637651783544742866
ទៅកាន់ទំព័រ៖