ព្រះត្រៃបិដក ភាគ ៨៣
មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ រងសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណោះ អាត្មាអញច្យុតអំពីទីនោះ ក៏បានមកកើតក្នុងទីនេះ។ ភិក្ខុនោះ រលឹកឃើញនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការៈ គឺរូប និងអាហារជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រ ដោយប្រការដូច្នេះ។ ភិក្ខុនោះ កាលបើចិត្តតាំងនៅមាំ បរិសុទ្ធផូរផង់ ឥតមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏បង្អោនចិត្តទៅដើម្បីចុតូបបាតញ្ញាណ គឺប្រាជ្ញាដឹងនូវចុតិ និងបដិសន្ធិរបស់សត្វទាំងឡាយ។ ភិក្ខុនោះ មានចក្ខុទិព្វដ៏បរិសុទ្ធវិសេស កន្លងចក្ខុរបស់មនុស្សធម្មតា តែងឃើញពួកសត្វ កំពុងច្យុត កំពុងកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវពួកសត្វដែលអន្ទោលទៅតាមយថាកម្មថា អើហ្ន៎ សត្វទាំងនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត តិះដៀលព្រះអរិយបុគ្គល មានសេចក្តីយល់ខុស ប្រកាន់អំពើដែលខុស លុះសត្វទាំងអម្បាលនោះ បែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងកំណើតនៃតិរច្ឆាន ប្រេត
ID: 637651783725367825
ទៅកាន់ទំព័រ៖