ព្រះត្រៃបិដក ភាគ ៨៣

អសុរកាយ និង​នរក អើហ្ន៎ ចំណែក​ឯសត្វ​ពួក​នេះ ប្រកបដោយ​កាយសុចរិត ប្រកបដោយ​វចីសុចរិត ប្រកបដោយ​មនោសុចរិត ជា​សត្វ​មិន​តិះដៀល​នូវ​ព្រះ​អរិយបុគ្គល មាន​សេចក្តី​យល់​ត្រូវ ប្រកាន់​នូវ​អំពើ​ដែល​យល់​ត្រូវ លុះ​សត្វ​ទាំងអម្បាល​នោះ បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ ក៏បាន​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក។ ភិក្ខុ​នោះ ដែល​មាន​ចក្ខុ​ទិព្វ​ដ៏​បរិសុទ្ធ កន្លង​ចក្ខុ​របស់​មនុស្ស​ធម្មតា តែងឃើញ​នូវ​ពួក​សត្វ កំពុង​ច្យុត កំពុង​កើត ជា​សត្វ​ថោកទាប ខ្ពង់ខ្ពស់ មាន​សម្បុរ​ល្អ មាន​សម្បុរ​អាក្រក់ មាន​គតិ​ល្អ មាន​គតិ​អាក្រក់ ដឹង​ច្បាស់​នូវ​ពួក​សត្វ​ដែល​អន្ទោល​ទៅតាម​យថាកម្ម ដោយ​ប្រការ​ដូច្នេះ​ឯង។ ភិក្ខុ​នោះ កាលបើ​ចិត្ត​តាំង​មាំ បរិសុទ្ធ​ផូរផង់ មិន​មាន​ទីទួល គឺ​កិលេស ប្រាសចាក​ឧបក្កិលេស មាន​សភាព​ជា​ចិត្តទន់ គួរ​ដល់​ភាវនា​កម្ម ជា​ចិត្តនឹង​ធឹង មិន​ញាប់ញ័រ​ទៅតាម​អារម្មណ៍ យ៉ាងនេះ​ហើយ ក៏​បង្អោន​ចិត្ត​ទៅ​ដើម្បី​អា​សវ​ក្ខ​យញ្ញា​ណ គឺ​ប្រាជ្ញា​ជា​គ្រឿង​ដឹង​នូវ​ធម៌​ដែល​ធ្វើ​អាសវៈ​ឲ្យអស់​ទៅ។ ភិក្ខុ​នោះ ដឹង​ច្បាស់​តាមពិត​ថា នេះ​ទុក្ខ ដឹង​ច្បាស់​តាមពិត​ថា នេះ​ហេតុ​នាំឲ្យកើត​ទុក្ខ ដឹង​ច្បាស់​តាមពិត​ថា នេះ​ជា​ធម៌​រំលត់ទុក្ខ
ថយ | ទំព័រទី ៣៥៥ | បន្ទាប់
ID: 637651783903805524
ទៅកាន់ទំព័រ៖