ព្រះត្រៃបិដក ភាគ ៨៣

ដឹង​ច្បាស់​តាមពិត​ថា នេះ​ផ្លូវ​ប្រតិ​បតិ្តទៅ​កាន់​ធម៌​រំលត់ទុក្ខ ដឹង​ច្បាស់​តាមពិត​ថា នេះ​អាសវៈ ដឹង​ច្បាស់​តាមពិត​ថា នេះ​ហេតុ​ឲ្យ​កើត​អាសវៈ ដឹង​ច្បាស់​តាមពិត​ថា នេះ​ធម៌​រំលត់​អាសវៈ ដឹង​ច្បាស់​តាមពិត​ថា នេះ​ផ្លូវ​ប្រតិបត្តិ​ទៅកាន់​ធម៌​រំលត់​អាសវៈ។ កាលបើ​ភិក្ខុ​នោះ ដឹង​យ៉ាងនេះ ឃើញ​យ៉ាងនេះ​ហើយ ចិត្ត​ក៏​រួចចាក​កាមាសវៈ​ផង ចិត្ត​ក៏​រួចចាក​ភវាសវៈ​ផង ចិត្ត​ក៏​រួចចាក​អវិជ្ជា​សវៈ​ផង។ កាលបើ​ចិត្ត​រួចផុត​ស្រឡះ​ហើយ ប្រាជ្ញាញាណ ក៏​កើតមានឡើង​ថា ចិត្ត​អាត្មាអញ​ផុត​ស្រឡះ​ហើយ។ ភិក្ខុ​នោះ ដឹង​ច្បាស់​ថា ជាតិ​របស់​អាត្មាអញ​អស់ហើយ ព្រហ្មចរិយ​ធម៌ អាត្មាអញ​បាន​ប្រព្រឹត្ត​ហើយ សោឡស​កិច្ច អាត្មាអញ​បាន​ធ្វើ​ស្រេចហើយ មគ្គ​ភាវនា​កិច្ច​ដទៃ ប្រព្រឹត្តទៅ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត មិន​មាន​ឡើយ។ បុគ្គល​មិន​ដុត​កំ​ដៅ​ខ្លួ​ងឯង មិន​ប្រកប​នូវ​ការ​ព្យាយាម​ដើម្បី​ដុត​កំ​ដៅ​ខ្លួនឯង ទាំង​មិន​ដុត​កំ​ដៅ​អ្នកដទៃ មិន​ប្រកប​នូវ​ការ​ព្យាយាម​ដើម្បី​ដុត​កំ​ដៅ​អ្នកដទៃ បុគ្គល​នោះ មិន​ដុត​កំ​ដៅ​ខ្លួនឯង មិន​ដុត​កំ​ដៅ​អ្នកដទៃ ជា​អ្នក​មិន​មាន​សេចក្តី​ស្រេកឃ្លាន មានតែ​សេចក្តី​រលត់ទុក្ខ ត្រជាក់ត្រជំ ទទួល​សេចក្តី​សុខ មានខ្លួន​ប្រសើរ សម្រេចសម្រាន្ត​នៅក្នុង​បច្ចុប្បន្ន យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ៣៥៦ | បន្ទាប់
ID: 637651784096305269
ទៅកាន់ទំព័រ៖