ព្រះត្រៃបិដក ភាគ ៨៣
តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកបានលោកុត្តរមគ្គ ឬលោកុត្តរផល តែមិនបានសមាបត្តិប្រកបដោយរូបក្តី ប្រកបដោយអរូបក្តី បុគ្គលជាអ្នកបានអធិប្បញ្ញាធម្មវិបស្សនា តែមិនបានចេតោសមថៈក្នុងសន្តាន យ៉ាងនេះឯង។ បុគ្គលជាអ្នកបានចេតោសមថៈក្នុងសន្តាន ទាំងបានអធិប្បញ្ញាធម្មវិបស្សនា តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកបានសមាបត្តិប្រកបដោយរូបក្តី ប្រកបដោយអរូបក្តី បានលោកុត្តរមគ្គ ឬលោកុត្តរផល បុគ្គលជាអ្នកបានចេតោសមថៈ ក្នុងសន្តានផង បានអធិប្បញ្ញាធម្មវិបស្សនាផង យ៉ាងនេះឯង។ បុគ្គលជាអ្នកមិនបានចេតោសមថៈក្នុងសន្តាន ទាំងមិនបានអធិប្បញ្ញាធម្មវិបស្សនា តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមិនបានសមាបត្តិប្រកបដោយរូបក្តី ប្រកបដោយអរូបក្តី ទាំងមិនបានលោកុត្តរមគ្គ ឬលោកុត្តរផល បុគ្គលជាអ្នកមិនបានចេតោសមថៈក្នុងសន្តាន ទាំងមិនបានអធិប្បញ្ញាធម្មវិបស្សនា យ៉ាងនេះឯង។
ID: 637651784519586629
ទៅកាន់ទំព័រ៖