ព្រះត្រៃបិដក ភាគ ៨៣
[១៣៨] បុគ្គលទៅបណ្តោយតាមខ្សែទឹក តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ សេពកាមទាំងឡាយផង ធ្វើបាបកម្មផង នេះហៅថា បុគ្គលទៅបណ្តោយតាមខ្សែទឹក។ បុគ្គលទៅប្រាសខ្សែទឹក តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនសេពកាមទាំងឡាយផង មិនធ្វើបាបកម្មផង បុគ្គលនោះ ខំប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិសុទ្ធពេញលេញ ទាំងប្រកបដោយទុក្ខខ្លះ ទាំងប្រកបដោយទោមនស្សខ្លះ ទាំងមានមុខទទឹកដោយទឹកភ្នែក ទួញយំខ្លះ នេះហៅថា បុគ្គលទៅច្រាសខ្សែទឹក។ បុគ្គលមានខ្លួនតាំងនៅនឹង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាឱបបាតិកៈកំណើត ព្រោះការអស់ទៅនៃសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ ជាអ្នកបរិនិព្វានក្នុងសុទ្ធាវាសព្រហ្មលោកនោះ មានសភាពមិនត្រឡប់ចាកលោកនោះវិញ នេះហៅថា បុគ្គលមានខ្លួនតាំងនៅនឹង។ បុគ្គលឆ្លងទៅដល់ត្រើយ ជាព្រាហ្មណ៍ឋិតនៅលើគោក តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើឲ្យជាក់ច្បាស់ សម្រេចដោយបញ្ញាដ៏ឧត្តមខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ នេះហៅថា បុគ្គលឆ្លងទៅដល់ត្រើយ ជាព្រាហ្មណ៍ឋិតនៅលើគោក។
ID: 637651784725680348
ទៅកាន់ទំព័រ៖