ព្រះត្រៃបិដក ភាគ ៨៣

បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជាស​កទា​គាមី មកកាន់​លោក​នេះ​អស់​វារៈ​ម្តង​ទៀត ទើប​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​បាន ព្រោះ​ការ​អស់​ទៅ​នៃ​សញ្ញោជនៈ ៣ ព្រោះ​ភាព​ស្រាលស្តើង​នៃ​រាគៈ ទោសៈ និង​មោហៈ នេះ​ហៅថា​បុគ្គល​ជា​សមណៈ ដូច​ផ្កាឈូក​ក្រហម។ បុគ្គល​ជា​សមណៈ ដូច​ផ្កា​ឈូកស តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​ឱប​បា​តិកៈ​កំណើត ព្រោះ​ការ​អស់​ទៅ​នៃ​សញ្ញោជនៈ ជា​ចំណែកខាង​ក្រោម ៥ ជា​អ្នក​បរិនិព្វាន​ក្នុង​សុទ្ធាវាស​ព្រហ្មលោក​នោះ មាន​សភាព​មិន​ត្រឡប់​ចាកលោក​នោះ​វិញ នេះ​ហៅថា បុគ្គល​ជា​សមណៈ​ដូច​ផ្កា​ឈូកស។ បុគ្គល​ជា​សមណៈ​ចម្រើន​ដោយ​សុខ ក្នុង​ពួក​សមណៈ តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ធ្វើឲ្យ​ជាក់ច្បាស់​សម្រេច ដោយ​បញ្ញា​ដ៏​ឧត្តម​ដោយខ្លួនឯង ក្នុង​បច្ចុប្បន្ន នូវ​ចេ​តោ​វិមុត្តិ និង​បញ្ញា​វិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះ​ការ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ នេះ​ហៅថា បុគ្គល​ជា​សមណៈ​ចម្រើន​ដោយ​សុខ ក្នុង​ពួក​សមណៈ។

ចប់ ចតុ​ក្ក​និទ្ទេស។

ថយ | ទំព័រទី ៣៦២ | បន្ទាប់
ID: 637651785406930519
ទៅកាន់ទំព័រ៖