ព្រះត្រៃបិដក ភាគ ៨៣
បញ្ចកនិទ្ទេស
[១៤១] បណ្តាបុគ្គលទាំងនោះ បុគ្គលណា ប្រព្រឹត្តល្មើសផង ជាអ្នកមានសេចក្តីក្តៅក្រហាយផង មិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុធ្វើឲ្យពួកអកុសលធម៌ដ៏លាមកទាំងនោះ របស់បុគ្គលនោះ ដែលកើតឡើងហើយ រលត់ទៅវិញ មិនមានសេសសល់ផង បុគ្គលនោះ គួរឲ្យគេស្តីបានយ៉ាងនេះថា លោកមានអាយុ មានអាសវៈទាំងឡាយ ដែលកើតអំពីការប្រព្រឹត្តិល្មើស កើតមាន ទាំងមានអាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីក្តៅក្រហាយចម្រើនដុះដាល (ព្រោះហេតុនោះ) សូមលោកមានអាយុ លះបង់នូវពួកអាសវៈ ដែលកើតអំពីការប្រព្រឹត្តិល្មើស បន្ទោបង់នូវពួកអាសវៈដែលកើតអំពីសេចក្តីក្តៅក្រហាយចោលចេញ ហើយចម្រើននូវចិត្ត និងបញ្ញាតទៅ កាលបើយ៉ាងនេះ លោកមានអាយុ នឹងជាអ្នកស្មើដោយបុគ្គលទី ៥ ឯណោះ។ បណ្តាបុគ្គលទាំងនោះ បុគ្គលណា ប្រព្រឹត្តល្មើស តែជាអ្នកមិនមានសេចក្តីក្តៅក្រហាយ ទាំងមិនដឹងតាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុធ្វើឲ្យពួកអកុសលធម៌ដ៏លាមកទាំងនោះ របស់បុគ្គលនោះ ដែលកើតឡើងហើយ រលត់ទៅវិញ មិនមានសេសសល់ បុគ្គលនោះ គួរឲ្យគេស្តីបានយ៉ាងនេះថា
ID: 637651785643024808
ទៅកាន់ទំព័រ៖