ព្រះត្រៃបិដក ភាគ ៨៣
នេះ គ្រាន់តែឃើញនូវចុងនៃធូលី (ដែលហុយឡើង) ក៏រួញរាថយក្រោយ មិនហ៊ានតទល់ មិនអាចចូលកាន់សង្រ្គាម ទាហានខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង នេះ ទាហានទី ១ រមែងមានក្នុងលោកនេះ។ មួយទៀត ទាហានខ្លះ ក្នុងលោកនេះ អត់ទ្រាំនូវចុងនៃធូលីបាន តែដល់ឃើញចុងទង់ជ័យ (នៃបច្ចាមិត្ត) ក៏រួញរាថយក្រោយ មិនហ៊ានតទល់ មិនអាចចូលកាន់សង្រ្គាម ទាហានខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង នេះទាហានទី ២ រមែនមានក្នុងលោក។ មួយទៀត ទាហានខ្លះ ក្នុងលោកនេះ អត់ទ្រាំនូវចុងនៃធូលី អត់ទ្រាំនូវចុងនៃទង់ជ័យ (នៃបច្ចាមិត្ត) បានដែរ តែលុះឮសំឡេងហ៊ោ ក៏រួញរាថយក្រោយ មិនហ៊ានតទល់ មិនអាចចូលកាន់សង្រ្គាម ទាហានខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង នេះទាហានទី ៣ រមែងមានក្នុងលោក។ មួយទៀត ទាហានខ្លះ ក្នុងលោកនេះ អត់ទ្រាំនូវចុងនៃធូលី អត់ទ្រាំនូវចុងនៃទង់ជ័យ អត់ទ្រាំនូវសំឡេងហ៊ោបានដែរ តែត្រូវគេបៀតបៀន ក៏វិនាសស្លាប់ខ្លួន ព្រោះការប្រហារបន្តិចបន្តួច
ID: 637651786510211576
ទៅកាន់ទំព័រ៖