ព្រះត្រៃបិដក ភាគ ៨៣
ជម្រះចិត្តឲ្យស្អាតចាកព្យាបាទ ជាគ្រឿងប្រទូស្ត លះបង់ថីនមិទ្ធៈ ប្រាសចាកថីនមិទ្ធៈ មានសេចក្តីសំគាល់នូវពន្លឺ មានសតិ និងសម្បជញ្ញៈ ជម្រះចិត្តឲ្យស្អាតចាកថីនមិទ្ធៈ លះបង់ឧទ្ធច្ចកុក្កុច្ចៈ មានចិត្តមិនរវើរវាយ មានចិត្តស្ងប់ស្ងាត់ក្នុងសន្តាន ជម្រះចិត្តឲ្យស្អាត ចាកឧទ្ធច្ចកុក្កុច្ចៈ លះបង់វិចិកិច្ឆា មានវិចិកិច្ឆាកន្លងបង់ហើយ មិនមានសេចក្តីងឿងឆ្ងល់ក្នុងកុសលធម៌ទាំងឡាយ ជម្រះចិត្តឲ្យស្អាតចាកវិចិកិច្ឆា។ ភិក្ខុនោះ លះបង់នីវរណៈទាំង ៥ នេះ ដែលជាឧបក្កិលេសរបស់ចិត្ត ជាធម្មជាតធ្វើបញ្ញាឲ្យមានកម្លាំងថយបានហើយ ក៏ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងាត់ ហើយសម្រេចសម្រាន្តនៅ លុះរម្ងាប់នូវវិតក្កៈ និងវិចារៈអស់ហើយ ក៏បានដល់នូវទុតិយជ្ឈាន នូវតតិយជ្ឈាន នូវចតុត្ថជ្ឈាន ហើយសម្រេចសម្រាន្តនៅ។ ភិក្ខុនោះ កាលបើចិត្តតាំងនៅមាំ បរិសុទ្ធផូរផង់ មិនមានទីទួលគឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ ដោយប្រការដូច្នេះហើយ ក៏បង្អោនចិត្តទៅដើម្បីញាណ ជាទីអស់ទៅនៃអាសវៈទាំងឡាយ។ ភិក្ខុនោះ ដឹងច្បាស់តាមពិតថា នេះទុក្ខ ដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតទុក្ខ
ID: 637651788022242821
ទៅកាន់ទំព័រ៖