ព្រះត្រៃបិដក ភាគ ៨៣
ដឹងច្បាស់តាមពិតថា នេះធម៌រំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះផ្លូវប្រតិបត្តិទៅកាន់ធម៌រំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះអាសវៈ ដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតអាសវៈ ដឹងច្បាស់តាមពិតថា នេះធម៌រំលត់អាសវៈ ដឹងច្បាស់តាមពិតថា នេះផ្លូវប្រតិបត្តិទៅកាន់ធម៌រំលត់អាសវៈ។ កាលបើភិក្ខុនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏រួចចាកកាមាសវៈផង ចិត្តក៏រួចចាកភវាសវៈផង ចិត្តក៏រួចចាកអវិជ្ជាសវៈផង។ កាលបើចិត្តរួចផុតស្រឡះហើយ សេចក្តីដឹងថា ចិត្តរួចផុតស្រឡះហើយ ក៏កើតមានប្រាកដ ភិក្ខុនោះ ដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយធម៌ អាត្មាអញប្រព្រឹត្តហើយ សោឡសកិច្ច អាត្មាអញបានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ នេះឈ្មោះថា ការឈ្នះសង្រ្គាមរបស់ភិក្ខុនោះ។ ទាហាននោះ អត់ទ្រាំនូវចុងនៃធូលី អត់ទ្រាំនូវចុងនៃទង់ជ័យ អត់ទ្រាំនូវសំឡេងហ៊ោ អត់ទ្រាំនូវការប្រហារ (របស់បច្ចាមិត្ត) បាន ទាហាននោះ បានឈ្នះនូវសង្រ្គាមនោះ មានសង្រ្គាមឈ្នះស្រឡះហើយ ក៏នៅគ្រប់គ្រងក្បាលសង្រ្គាមនោះឯង មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលក្នុងសាសនានេះ មានសភាពយ៉ាងនេះឯង។
ID: 637651788230211594
ទៅកាន់ទំព័រ៖