ព្រះត្រៃបិដក ភាគ ៨៣
អភិធម្មបិដក ធាតុកថា
សូមនមស្ការ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ។
មាតិកា(១)
[១] ការសង្រ្គោះ
(២) ការមិនសង្រ្គោះ ការមិនសង្រ្គោះ មួយអន្លើដោយការសង្រ្គោះ ការសង្រ្គោះ មួយអន្លើដោយការមិនសង្រ្គោះ ការសង្រ្គោះ មួយអន្លើដោយការសង្រ្គោះ ការមិនសង្រ្គោះ មួយអន្លើដោយការមិនសង្រ្គោះ ការប្រកបព្រម ការប្រាសចេញ
(១) មាតិកាមាន ៥ គឺ ក-នយមាតិកា (មាតិការបស់ន័យ) ដែលលោកតំកល់ទុកដោយបទ ១៤ គឺ សង្គហោ អសង្គហោ។បេ។ វិប្បយុត្តេន សង្គហិតំ អសង្គហិតំ។ ខ-អព្ភន្តរមាតិកា(មតិកាខាងក្នុង) ដែលលោកតំកល់ទុកដោយបទ ១២៥ គឺ បញ្ចក្ខន្ធា។បេ។ មនសិការោ។ គ-នយមុខមាតិកា (មាតិកាជាប្រធានរបស់ន័យ) ដែលលោកតំកល់ទុកដោយបទ ៤ គឺ តីហិសង្គហោ តីហិអសង្គហោ ចតូហិសម្បយោគោ ចតូហិវិប្បយោគោ។ ឃ-លក្ខណមាតិកា(មាតិកាសំដែងនូវលក្ខណៈ) ដែលលោកតំកល់ទុកដោយបទ ២ គឺ សភាគោ វិសភាគោ។ ង-ពាហិរមាតិកា (មាតិកាខាងក្រៅ) ដែលលោកបំព្រួញនូវតិកបទ ៦៦ និងទុកបទ២០០។ (២) សង្គ្រោះ មាន ៤ គឺ ក- ជាតិសង្គហៈ (សង្គ្រោះដោយជាតិ) តួយ៉ាងជាតិក្សត្រ ជាតិព្រាហ្មណ៍ ជាតិអ្នកជួញប្រែ ជាតិអ្នកគ្រួ ឬក៏ ធម៌ទាំង ៣ នេះ គឺ សម្មាវាចា សម្មាកម្មន្តោ សម្មាអាជីវោ សង្គ្រោះចូលក្នុងសីលក្ខន្ធ។ ខ- សញ្ជាតិសង្គហៈ (សង្គ្រោះរួមជាតិ) តួយ៉ាងជាតិអ្នកដែនកោសល ជាតិអ្នកដែនមគធៈ ឬក៏ ធម៌ទាំង ៣នេះ គឺ សម្មាវាយាមោ សម្មាសតិ សម្មាសមាធិ សង្គ្រោះចូលក្នុងសមាធិក្ខន្ធ។ គ- កិរិយាសង្គហៈ (សង្គ្រោះតាមអំពើដែលគេធ្វើរួចមកហើយ) តួយ៉ាងអ្នកជិះដំរី អ្នកជិះសេះ អ្នកជិះរថ ឬក៏ ធម៌ទាំង ២នេះគឺ សម្មាទិដ្ឋិ និងសម្មាសង្កប្បោ សង្គ្រោះចូលក្នុងបញ្ញាខន្ធ។ ឃ- គណនសង្គហៈ (សង្គ្រោះដោយការរាប់) តួយ៉ាងចក្ខាយតនៈ រាប់ជារូបក្ខន្ធជាដើម។ អដ្ឋកថា។
ID: 637649840035617618
ទៅកាន់ទំព័រ៖