ព្រះត្រៃបិដក ភាគ ៨៤

បែរជា​មិនកើត​ជា​បុគ្គល​វិញ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៧២] អ្នក​មិន​គួរ​ពោល​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ ក្រែង​គូ​នៃ​បុរស មាន ៤ គូ បុរស​បុគ្គល ៨ រូប មាន​ឬ។ អើ។ ប្រសិនបើ​គូ​នៃ​បុរស មាន ៤ គូ បុរស​បុគ្គល ៨ រូប មាន​មែន ម្នាល​អ្នក​ដ៏​ចំរើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ដែរ។
 [១៧៣] បរវាទី​ធ្វើ (នូវ​ពាក្យ​ប្តេជ្ញា​ឲ្យ​មាំ) ថា គូ​នៃ​បុរស មាន ៤ គូ បុរស​បុគ្គល ៨ រូប មាន​មែន ព្រោះហេតុនោះ (ទើប​សួរ) ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ គូ​នៃ​បុរស​មាន ៤ គូ បុរស​បុគ្គល ៨ រូប មាន​ប្រាកដ ព្រោះ​ការ​កើត​ប្រាកដ​នៃ​ព្រះពុទ្ធ​ឬ។ អើ។ បុគ្គល​កើត​ប្រាកដ ព្រោះ​ការ​កើត​ប្រាកដ​នៃ​ព្រះពុទ្ធ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​កើត​ប្រាកដ ព្រោះ​ការ​កើត​ប្រាកដ​នៃ​ព្រះពុទ្ធ​ឬ។ អើ។ បុគ្គល​ដាច់​សូន្យ ឈ្មោះថា​បុគ្គល​មិន​មាន ក្នុង​កាលដែល​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ទ្រង់​បរិនិព្វាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 637652399991023036
ទៅកាន់ទំព័រ៖