ព្រះត្រៃបិដក ភាគ ៨៤

ម្នាល​មោឃ​រាជ អ្នក​ចូរ​មានស្មារតី​សព្វកាល រមិលមើល​នូវ​ខន្ធ​លោក​ដោយ​សេចក្តី​ថា សូន្យ​ចុះ (ព្រោះថា) បុគ្គល​លះបង់​នូវ​អត្តា​នុ​ទិដ្ឋិ គប្បី​ជា​អ្នក​ឆ្លង​ចាក​មច្ចុ​ដោយ​វិធី​យ៉ាងនេះ (មួយទៀត) មច្ចុរាជ រមែង​រក​មិនឃើញ​នូវ​បុគ្គល អ្នក​សំឡឹង​មើល​ខន្ធ​លោក ដោយ​វិធី​យ៉ាងនេះ

ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ពិត​ឬ។ អើ។ បើ​ដូច្នោះ​មានតែ អ្នក​មិន​គួរ​ពោល​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ដែរ។
 [១៨១] បុគ្គល​ក្រឡេក​មើល​ឬ។ អើ។ បុគ្គល​ក្រឡេក​មើល ព្រមទាំង​រូប​ឬ ឬវៀរចាក​រូប ទើប​ក្រឡេក​មើល។ បុគ្គល ក្រឡេក​មើល ព្រមទាំង​រូប។ ជីវៈ​នោះ គឺ​សរីរៈ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​វៀរចាក​រូប ទើប​ក្រឡេក​មើល​ឬ។ ជីវៈ​ដទៃ សរីរៈ​ដទៃ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ក្រឡេក​មើល​ឬ។ អើ។ បុគ្គល​តាំងនៅ​ខាងក្នុង​នៃ​រូប ក្រឡេក​មើល​ឬ ឬចេញ​មក​ខាងក្រៅ ទើប​ក្រឡេក​មើល។ បុគ្គល តាំងនៅ​ខាងក្នុង ក្រឡេក​មើល។ ជីវៈ​នោះ គឺ​សរីរៈ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ចេញ​មក​ខាងក្រៅ ទើប​ក្រឡេក​មើល​ឬ។ ជីវៈ​ដទៃ សរីរៈ​ដទៃ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 637652402147585668
ទៅកាន់ទំព័រ៖