ព្រះត្រៃបិដក ភាគ ៨៤

ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ដូច្នេះ​ទេ។
 [១៨៧] បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ព្រះអង្គ​ជា​អ្នក​សំដែង​ពាក្យ​ទៀងត្រង់ សំដែង​តាមកាល សំដែង​ពាក្យពិត សំដែង​ពាក្យ​ប្រាកដ សំដែង​ពាក្យ​មិន​ឃ្លៀងឃ្លាត សំដែង​ពាក្យ​មិន​ប្រែប្រួល​ឬ។ អើ។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ កាល​ខ្លួន​មាន​សេចក្តី​ប្រកាន់​ថា អញ​មាន​របស់​ដែល​អាស្រ័យ​នឹង​ខ្លួន ដូច្នេះ ក៏​គប្បី​មាន​ដែរ​ឬ ព្រះករុណា​ព្រះអង្គ ម្នាល​ភិក្ខុ​ទាំងឡាយ កាល​របស់​ដែល​អាស្រ័យ​នឹង​ខ្លួន​មាន សេចក្តី​ប្រកាន់​ថា អញ​មានខ្លួន ដូច្នេះ ក៏​គប្បី​មាន​ដែរ​ឬ ព្រះករុណា​ព្រះអង្គ ម្នាល​ភិក្ខុ​ទាំងឡាយ កាល​ខ្លួន​ក្តី កាល​របស់​ដែល​អាស្រ័យ​នឹង​ខ្លួន​ក្តី គេ​មិនបាន​ដឹង​ថា​ទៀងត្រង់ ថា​ទៀងទាត់​ទេ ហេតុ​នៃ​ទិដ្ឋិ​ណា​ថា នោះ​លោក នោះ​ខ្លួន ខ្លួន​អញ​នោះ លុះ​លះបង់​លោក​នេះ​ហើយ នឹងជា​បុគ្គល​ទៀងទាត់ ឋិតថេរ មិន​ប្រែប្រួល​ជា​ធម្មតា នឹង​ឋិតនៅ​នឹងថ្កល់ ស្មើដោយ​សស្ស​តិ​វត្ថុ ដោយ​ប្រការ​នោះ ម្នាល​ភិក្ខុ​ទាំងឡាយ ហេតុ​នៃ​ទិដ្ឋិ​នេះ ជា​ពាល​ធម៌​ដ៏​បរិបូណ៌​ទាំងអស់ មិន​ដូច្នោះ​ឬ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ពាល​ធម៌​ដ៏​បរិបូណ៌​ទាំងអស់ មិន​គប្បី​មានតែ​បន្តិចបន្តួច​ទេ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ពិត​ឬ។ អើ។
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 637652403333679142
ទៅកាន់ទំព័រ៖