ព្រះត្រៃបិដក ភាគ ៨៤

គ្រូ​ណា បញ្ញត្ត​ខ្លួន​ក្នុង​បច្ចុប្បន្ន ថា​ទៀងទាត់ ថា​ឋិតថេរ​ផង បញ្ញត្ត​ខ្លួន​ក្នុង​បរលោក ថា​ទៀងទាត់ ថា​ឋិតថេរ​ផង ម្នាល​សេ​និយៈ នេះ​ហៅថា គ្រូ​ជា​សស្ស​តវាទ ម្នាល​សេ​និយៈ បណ្តា​គ្រូ​ទាំង ៣ ពួក​នោះ គ្រូ​ណា​បញ្ញត្ត​ខ្លួន​ក្នុង​បច្ចុប្បន្ន ថា​ទៀងទាត់ ថា​ឋិតថេរ តែ​មិន​បញ្ញត្ត​ខ្លួន​ក្នុង​បរលោក ថា​ទៀងទាត់ ថា​ឋិតថេរ​ទេ ម្នាល​សេ​និយៈ នេះ​ហៅថា គ្រូ​ជា​ឧច្ឆេទវាទ ម្នាល​សេ​និយៈ បណ្តា​គ្រូ​ទាំង ៣ ពួក​នោះ គ្រូ​ណា​មិន​បញ្ញត្ត​ខ្លួន​ក្នុង​បច្ចុប្បន្ន ថា​ទៀងទាត់ ថា​ឋិតថេរ​ផង មិន​បញ្ញត្ត​ខ្លួន​ក្នុង​បរលោក ថា​ទៀងទាត់ ថា​ឋិតថេរ​ផង ម្នាល​សេ​និយៈ នេះ​ហៅថា​គ្រូ គឺ​ព្រះសម្មាសម្ពុទ្ធ ម្នាល​សេ​និយៈ គ្រូ​ទាំង ៣ ពួក​នេះ តែង​មាន​ប្រាកដ​ក្នុង​លោក ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ពិត​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ដូច្នេះ​ទេ។
 [១៨៩] បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ព្រះអង្គ​ជា​អ្នក​សំដែង​ពាក្យ​ទៀងត្រង់ សំដែង​តាមកាល សំដែង​ពាក្យពិត សំដែង​ពាក្យ​ប្រាកដ សំដែង​ពាក្យ​មិន​ឃ្លៀងឃ្លាត សំដែង​ពាក្យ​មិន​ប្រែប្រួល​ឬ។
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 637652403805085502
ទៅកាន់ទំព័រ៖